2024-01-13 04:01
78

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា គឺផ្តោតជាចម្បងលើការស្រាវជ្រាវច្បាស់លាស់, រាល់ការស្រាវជ្រាវ ត្រូវតែមានរចនាសម្ព័ន្ធស្រាវជ្រាវ និងវិធីសាស្រ្តស្រាវជ្រាវជាក់លាក់ ដោយមិនផ្អែកលើតែទ្រឹស្តីតែមួយមុខនោះទេ។

ការបញ្ជាក់បែបនេះរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤។ ការរៀបចំពិធីបើកបវេសនកាលនេះ គឺក្នុងគោលបំណងដើម្បីណែនាំបេក្ខជនបណ្ឌិត និស្សិតថ្នាក់បណ្ឌិត និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បន្ថែមអំពីគោលការណ៍ និងក្របខណ្ឌគុណវុឌ្ឍិនៃការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។

នាឱកាសនោះដែរ បណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ការជ្រើសរើសគ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រត្រូវផ្តោតសំខាន់លើចំណុចចម្បងមួយចំនួនដូចជា ប្រព័ន្ធកម្មវិធីសិក្សា សាស្រ្តាចារ្យ/គ្រូបង្រៀន នីតិវិធីនៃការការពារនិក្ខេបបទ ឬសារណា បច្ចុប្បន្នភាពនៃប្រព័ន្ធអប់រំ និងគោលការណ៍បទបញ្ជាផ្សេងៗ ជាដើម។
បណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា៖ «ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា គឺផ្តោតជាចម្បងលើការស្រាវជ្រាវច្បាស់លាស់ ក្នុងន័យនេះ បេក្ខជនបណ្ឌិតនិងនិស្សិតទាំងអស់ ត្រូវតែប្រាកដច្បាស់ក្នុងចិត្តអំពីប្រធានបទដែលខ្លួនត្រូវសិក្សាស្រាវជ្រាវ។ ដើម្បីទទួលជោគជ័យលើការស្រាវជ្រាវ បេក្ខជនបណ្ឌិត និងនិស្សិតទាំងអស់ ត្រូវតែជ្រើសរើសសាស្រ្តាចារ្យ ឬគ្រូណែនាំដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ពាក់ព័ន្ធនឹងប្រធានបទដែលខ្លួនបានជ្រើសរើស»។លោកបណ្ឌិត សុខ ទូច ក៏បានសង្កត់ធ្ងន់ថា រាល់ការស្រាវជ្រាវទាំងអស់ ត្រូវតែមានរចនាសម្ព័ន្ធស្រាវជ្រាវ និងវិធីសាស្រ្តស្រាវជ្រាវជាក់លាក់ ដោយមិនផ្អែកលើតែទ្រឹស្តីតែមួយមុខនោះទេ ពោលគឺលទ្ធផល និងការវិភាគលទ្ធផល ត្រូវតែមានលក្ខណៈវិទ្យាសាស្រ្ត ហើយអាចចូលរួមវិភាគទានក្នុងការអភិវឌ្ឍសង្គមជាតិ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការសិក្សាទស្សនវិជ្ជា គឺជាមូលដ្ឋានបង្កើតគោលគំនិត ហើយគោលគំនិតទាំងនេះហើយជាកម្លាំងចលករនៃការបង្កើតក្របខ័ណ្ឌទ្រឹស្តី និងគំនិតផ្សេងៗ»។

បន្ថែមពីនេះលោកបណ្ឌិត សុខ ទូច បានផ្តល់ធាតុចូលមួយចំនួនជូនទៅកាន់អ្នកចូលរួមទាំងអស់ថា ការសរសេរនិក្ខេបបទ ឬសារណា បេក្ខជនបណ្ឌិតនិងនិស្សិតត្រូវចង់ចាំថា និក្ខេបបទនិងសារណា ត្រូវផ្តោតលើ៥ចំណុច ដូចជាទី១៖ ប្រភពឯកសារដែលមានស្រាប់, ទី២៖ ប្រភពព័ត៌មានពីក្រុមមនុស្សពាក់ព័ន្ធ (សម្ភាសន៍), ទី៣៖ ព្រឹត្តិការណ៍ថ្មីនៅក្នុងសង្គម, ទី៤៖ ព្រឹត្តិការណ៍ពាក់ព័ន្ធដែលកើតឡើងកន្លងមក និង៥៖ ការវិភាគច្បាស់លាស់មិនលម្អៀងដោយឈរលើគោលជំហរវិទ្យាសាស្រ្ត៕