2023-09-23 12:09
142

ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងម៉ូតូបណ្តាលអោយមនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់និងស្រាលនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវវាងក្រុងបំបែកជា៤ ក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ទោ កង សំអឿន អធិការនគរបាលស្រុករលាប្អៀរបានប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅវេលារសៀលថ្ងៃទី ២២ កញ្ញា ២០២៣ នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយម៉ូតូនឹងម៉ូតូបុកគ្នាលាន់ដូចរន្ទះ ក្នុងនោះ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1P-13.64 បើកបរដោយឈ្មោះ វ៉ាន់ សុខឿន ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសស្រាល រស់នៅក្នុងភូមិក្រាំងវែង ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមដំណើរជាមួយនឹងប្រពន្ធឈ្មោះស័ន ហ៊ុច អាយុ 38ឆ្នាំ រងរបួសធ្ងន់និងកូនស្រីម្នាក់ទៀតឈ្មោះខឿន ស្រីនាថ អាយុ ៤ ឆ្នាំ រងរបួសស្រាល បើកបរក្នុងទិសដៅពីជើងទៅត្បូង។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1D-1871បើកបរដោយឈ្មោះនង កុំសួរ ភេទប្រុស អាយុ៧១ឆ្នាំរងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយឈ្មោះខាត់ អ៊ន អាយុ៦៧ឆ្នាំរងរបួសធ្ងន់រស់នៅក្នុងភូមិគល់គុក ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើដំណើរខ្វែងទិសគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានហៅរថយន្តមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ បច្ចុប្បន្នជនងគ្រោះថ្នាក់ចរាចរណ៍ប្រុសស្រីទាំង៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

តាមការសន្និដ្ឋានជំហានដំបូងរបស់នគរបាលចរាចរណ៍ដែលបានចុះដល់កន្លែងកើតហេតុគឺបណ្តាលមកពីការបើកបរខ្វះការយល់ដឹងអំពីផ្លូវអាទិភាព និងផ្លូវបាត់បង់អាទិភាពរបស់ខ្លួន។ អ្វីដែលគួរយល់ដឹងជាងនេះទៅទៀត គឺភាគីអ្នកបើកបរទាំងសងខាងបើកបរខ្វះការប្រុងប្រយ័ត្នទាំងអស់គ្នា ដោយសារតែទីនោះគឺជាចំណុចផ្លូវបំបែកជា៤។ 

សូមបញ្ជាក់ថា នៅលើកំណត់ផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវបំបែកជា៤ខាងលើនេះ កន្លងមកតែងតែជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ចាប់តាំងពីបើកឱ្យដំណើរការមក។ កន្លងមកមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តែងបានសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍,កម្លាំងកងរាជអាវុធហត្ថខេត្ត ប្រជាការពារនិងអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយអប់រំណែនាំស្ដីពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់នៅទីនោះជាច្រើនលើកច្រើនសា និងបានចែកនូវខិត្តប័ណ្ណអប់រំស្ដីពីច្បាប់ចរាចរណ៍ដល់អ្នកធ្វើដំណើរជាញឹកញាប់ផងដែរ៕