2023-09-26 02:09
225

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចម្រុះមានលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដពោធិ៍សាត់, ស្នងការរងនគរបាលខេត្ដពោធិ៍សាត់ លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមទាំងអាជ្ញាធរពាក់ព័ន្ធបានចុះត្រួតពិនិត្យស្ថានភាពការនេសាទ ក្នុងភូមិសាស្ត្រស្រុកក្រគរ-កណ្ដៀង និងបាកាន នៃរដ្ឋបាលខេត្ដពោធិ៍សាត់ ដោយមានកម្លាំងសរុប ចំនួន ៥០នាក់ ប្រើប្រាស់មធ្យោបាយកាណូត ចំនួន ០៩គ្រឿង។

លោកវរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ និងបំផ្លាញចោល របាំងស្បៃមុង ០៧ខ្សែ ប្រវែង ១៧៥០ម៉ែត្រ លូកងស្បៃមុង ចំនួន ០៨មាត់ បង្គោល ចំនួន ២៥០ដើម បានចាក់លែងកូនត្រី ៤០គីឡូក្រាម ចូលក្នុងទឹកទន្លេវិញ។ 

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងអធិការកិច្ចរួចមក ឯកឧត្តមបានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពតូចមួយនៅស្រុកបាកាន ដើម្បីផ្ដោតសំខាន់លើ៣ចំណុច៖

១- គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទាំង៣ ជាមួយមន្ទីរកសិកម្មបន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានខ្លាំងក្លាជាងមុនបន្ថែមទៀត ឲ្យដូចភ្លៀងរលឹម។

២- ឧបករណ៍ស្បៃមុងមិនអនុញ្ញាតជាដាច់ខាតនិងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់ឧបករណ៍ស្របច្បាប់វិញ(ក្រឡា៣ហ៊ុន)។

ឯកឧត្តម ខូយ រីដា បានសង្កត់ធ្ងន់ថា “ស្រុកណាដែលមានបទល្មើសច្រើន គឺត្រូវប្រើប្រាស់មធ្យោបាយសរុបកម្លាំងសរុប ដើម្បីបង្ក្រាបរួមគ្នាឲ្យមានប្រសិទ្ធភាព”៕