2023-07-14 11:07
266

 

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ​ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត នាពេលនេះ។

តាងនាមគណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ទាំងអស់ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយដ៏មានសារៈសំខាន់នាពេលនេះ។ 

ខ្ញុំសូមយកឱកាសនេះ ក្នុងនាមគណៈអភិបាលខេត្ត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ពិនិត្យ និងជួយកែតម្រូវ នូវរាល់ចំណុចខ្វះខាត រួមជាមួយនឹងការយោគយល់អធ្យាស្រ័យ និងការផ្តល់អនុសាសន៍នានា នៅរាល់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត នាពេលកន្លងមក។

ជាមួយគ្នានេះ ខ្ញុំសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ដែលបានយកចិត្តទុកដាក់ចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ក្នុងការរៀបចំរបាយការណ៍កន្លងមកទទួលបានលទ្ធផលល្អប្រសើរ។

ដោយផ្អែកតាមលិខិតលេខ ០០២ ស.ណ.ន ចុះថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងស្មារតី នៃសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈប្រព័ន្ធ Zoom កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កន្លងមក តម្រូវឱ្យរដ្ឋបាលខេត្ត ត្រូវធ្វើការផ្សព្វផ្សាយជូន ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តនូវទម្រង់របាយការណ៍ថ្មីនេះ បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយនេះតទៅ។

ខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មេត្តាជ្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រុមការងាររដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត ជូនមន្ទីរ អង្គភាព និងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត រួចហើយ ហើយនេះ ជាកិច្ចប្រជុំលើកទី២ ដែលក្រុមការងាររដ្ឋបាលខេត្ត បានរៀបចំដើម្បីផ្សព្វផ្សាយ ជូនក្រុមប្រឹក្សាខេត្ត និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត មុននឹងឈានដល់ការអនុវត្តទម្រង់របាយការណ៍គំរូថ្មីនេះ។ 

ដូចនេះ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបទៅនឹងការរៀបចំរបាយការណ៍ឱ្យបានស្របទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ រួមជាមួយនឹងការទទួលខុសត្រូវច្បាស់លាស់ លើការងាររៀបចំរបាយការណ៍របស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពនានាជុំវិញខេត្ត។ 

ជាមួយគ្នានេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំផងដែរថា កិច្ចប្រជុំនាពេលនេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹង ការណែនាំរបស់ក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការមួយទៀតក្នុងការទទួលបាននូវអនុសាសន៍ល្អៗពីក្រុមប្រឹក្សាខេត្ត ដើម្បីក្រុមការងារអាចរៀបចំរបាយការណ៍ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ៕