2023-12-18 11:12
179

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា «ក្រៅពីការកែទម្រង់ការប្រឡងជ្រើសរើសមន្រ្តីរាជការ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព» កិច្ចការដែលជាអាទិភាពគន្លឹះមួយផ្សេងទៀត។ 

លោក ហ៊ុន ម៉ានី បានលើកឡើងទៀតថាៈ ក្រសួងមុខងារសាធារណៈ បានដាក់ចេញនូវ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព»។ 

លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងយ៉ាងដូច្នេះ ក្នុងជំជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ដើម្បីសំណេះសំណាលឈ្វេងយល់ពីគ្នាទៅវិញទៅមកក៏ដូចជាស្តាប់របាយការណ៍ និងបញ្ហាប្រឈមចេញពីការអនុវត្តការងារផ្ទាល់របស់អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ 

លោករដ្ឋមន្ត្រីបានបន្ថែមថាៈ ក្នុងរយៈពេលកន្លងមកនេះ យើងបាននិងកំពុងធ្វើរួចជាស្រេចហើយជុំវិញការងារពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន​ រាប់បញ្ជូលតាំងពីស្មារតី នៃការតាក់តែងអនុក្រឹត្យ «ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ» ការកែលម្អរចនាសម្ព័ន្ធ ដើម្បីប្រើប្រាស់មន្ត្រីរាជការ ឱ្យស្របតាមចំណេះ ជំនាញ និងបទពិសោធន៍ ហើយប្រើប្រាស់ឱ្យអស់ពីសក្តានុពល, ការកំណត់និយាមប្រតិបត្តិ ប្រព័ន្ធការងារ និងទម្លាប់ការងារច្បាស់លាស់ រួមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍសមត្ថភាពផ្សេងៗទៀត។ ​ 

បន្ថែមលើនេះ ជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋាននានាជាបន្តបន្ទាប់​​ដូចអ្វីដែលយើងកំពុងធ្វើនាពេលនេះ គឺជាសកម្មភាពបន្ថែមមួយកម្រិតទៀត ក្នុងគោលដៅជួបប្រតិបត្តិករជាក់ស្តែង ដើម្បីជជែកគ្នា ឈ្វេងយល់ពីគ្នា ស្តាប់របាយការណ៍ និងបញ្ហាប្រឈមដោយផ្ទាល់ហើយស្វែងរកដំណោះស្រាយរួមជាមួយគ្នា។ ​ 

លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ បានបញ្ជាក់ថាៈ ដំណើរការទាំងអស់នេះ​ គឺជាចំណែកការងារតូចៗរួមបញ្ជូលគ្នា ដែលក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមធ្វើជាបន្តបន្ទាប់រួចមកហើយ ក្នុងគោលដៅឆ្លើយតបទៅនឹងគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទោះបីជាយើងបានសម្រេចការងារជាច្រើនរួចមកហើយក៏ពិតមែន តែយើងនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្ត៕