2024-03-14 01:03
45

 ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋ ក្មេងចាស់ ប្រុសស្រីជាច្រើននាក់បានវេចបាយវេចទឹក សំដៅទៅកាន់ស្ទឹងបយ៉ាខា ដើម្បីជីករែងរកត្បូង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំនោះ ។

 បើតាមការរៀបរាប់ពីប្រជាពលរដ្ឋម្នាក់ឈ្មោះ អ៊ឹម អោ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានរៀបរាប់ថាក្រោយពេលមេឃភ្លៀងកក់ខែមួយមេធំ ព្រឹកឡើងគាត់រួមនិងអ្នកភូមិមួយចំនួនទៀតបាននាំគ្នាយកសម្ភារៈក៏ដូចជាឧបករណ៍ផ្សេងៗ សំដៅទៅស្ទឹងបយ៉ាខា ដើម្បីជីករែងរកត្បូង ពីព្រោះពួកគាត់ជឿជាក់ថាត្បូងនៅក្នុងស្ទឹងនេះមិនទាន់អស់ទាំងស្រុងនៅឡើយទេ គ្រាន់តែខ្សត់ខ្សោយជាងមុនបន្តិចហើយការស្វែងរកកំទេចរ៉ែត្បូងនេះពិតជាមានការផ្សងព្រេង និងមានការអត់ធ្មត់បំផុត ទើបអាចរករ៉ែត្បូង ដែលកប់នៅក្នុងជំរៅបាតស្ទឹងឃើញ។

លោកអឹម អោ បន្តថាទោះបីនៅពេលនេះគាត់មិនទាន់រកឃើញរ៉ែត្បូងណាល្អនៅឡើយក៏ដោយ ប៉ុន្តែកាលពីអំឡុងមួយអាទិត្យមុន គាត់បានរែងប៉ះកំទេចរ៉ែត្បូងទទឹម១គ្រាប់ លក់ឱ្យឈ្មួញបានតម្លៃ ១០០ដុល្លារ និងរកឃើញរ៉ែត្បូងជាបន្តបន្ទាប់ទៀតដែលត្បូងខ្លះ លក់បាន១៥០ដុល្លារ ផងដែរ។   

ដោយឡែកបុរសចំណាស់ម្នាក់ទៀត ឈ្មោះ សៅ អាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏បានឱ្យដឹងដែរថា  គាត់ជាអ្នករែងរករ៉ែត្បូង អស់រយ:ពេលជាយូរឆ្នាំមកហើយ ដែលមុខរបរនេះ មិនងាយស្រួលហើយក៏មិនលំបាកប៉ុន្មានដែរ ប្រសិនបើយើងខិតខំប្រឹងប្រែងនោះយូរៗ ទៅ អាចនឹងជួបខ្លះៗដែរ។
សូមបញ្ជាក់ថាប៉ៃលិនគឺជាខេត្តមួយដែលសម្បូរទៅដោយរ៉ែត្បូងដ៏មានតម្លៃ រហូតដល់គេប្រសិទ្ធនាមថាជាខេត្តត្បូងពេជ្រ នៃព្រះរាជាណាចក្រកម្ពុជាទៀតផង ។