2024-01-06 10:01
74

ភ្នំពេញ៖ សមាជិកគណៈកម្មការរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ហេង ស៊ីឡេង  បានថ្លែងថាៈ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ គ.ជ.ប. បានសម្រេចលើបញ្ជីបោះឆ្នោតដំបូងដែលមានការិយាល័យបោះឆ្នោតចំនួន ៣៣ ការិយាល័យ និងមានអ្នកបោះឆ្នោតសរុបចំនួន ១១.៧៤៧ នាក់។

លោក ហេង ស៊ីឡេង បានបញ្ជាក់ថា ក្នុងនោះរួមមាន តំណាងរាស្ត្រក្នុងតំណែងមាន ចំនួន ១២៥ នាក់ ស្ត្រី ១៧ នាក់ ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងមាន ចំនួន ១១.៦២២ នាក់ ស្ត្រី ២.៥៦៨ នាក់។

លោកបញ្ជាក់ថា «តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គ.ជ.ប ត្រូវធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤»។

សូមជម្រាបថា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធរៀបចំបញ្ជីបោះឆ្នោតដំបូងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការប្តឹងតវ៉ា ឬជំទាស់ និងការដោះស្រាយពាក្យបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានប្រព្រឹត្តនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប រាជធានីភ្នំពេញ៕