2023-03-23 03:03
500

    ខេត្តកណ្ដាល៖ នគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីយកពូថៅគប់ទៅលើបុរសម្នាក់តែមិនបណ្ដាលឱ្យរងរបួសនោះទេ ដោយសារតែខឹងបុរសម្ចាស់ម៉ូតូមិនឱ្យជិះជាមួយ ។ករណីនេះបានកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៤០នាទី ត្រង់ចំណុចផ្លូវទំនប់ឆ្កែឆ្កួត ក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ុន សាមៀន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់។ ចំណែកជនសង្ស័យឈ្មោះ សាន សិលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)។សម្ភារចាប់យក: ពូថៅផ្លែដែកដងឈើចំនួន០១ (របស់ជនសង្ស័យ)។

ប្រភពដដែលបន្តថា កាលពីវេលា និងនៅទីកន្លែងកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងត្រឡប់មកពីកន្លែងធ្វើការនៅស្រុកកណ្តាលស្ទឹងវិញបំណងទៅផ្ទះរបស់ខ្លួននៅឯភូមិលេខ១ សង្កាត់ស្វាយរលំ។ លុះជិះមកដល់ផ្លូវទំនប់ឆ្កែឆ្កួតភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ខាងលើដោយដៃមានកាន់ពូថៅ មកសុំជនរងគ្រោះជិះម៉ូតូជាមួយ ពេលនោះជនរងគ្រោះប្រកែកមិនព្រមឱ្យជិះធ្វើឱ្យជនសង្ស័យខឹងក៏បានយកពូថៅគប់ទៅលើជនរងគ្រោះតែមិនបណ្តាលឱ្យត្រូវនោះទេ។ ឃើញដូចនោះជនរងគ្រោះក៏មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរឱ្យចុះមកជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍និងកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុហតាខ្មៅ៕