2023-07-01 05:07
443

 

ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះបានកើតឡើងនៅវេលាម៉ោង ៨៖០៥ នាទី ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៦៤-៦៥ ផ្លូវជាតិលេខ៣៧៦ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូដែលជិះបញ្ច្រាសទិសគ្នាបណ្តាលឱ្យបុរសម្នាក់ស្លប់និងម្នាក់ទៀតរងរបួសធ្ងន់។ 
ប្រភពពីសមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋានស្រុកកែវសីមាបានឱ្យដឹងថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះទី១.ឈ្មោះ វ៉ាន់ ជ្រឹម ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានរងរបួសយ៉ាងធ្ងន់ធ្ងរហើយក៏បានបញ្ជូនទៅសង្គ្រោះភ្លាមៗ តែអកុសលជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅពាក់កណ្ដាលផ្លូវ។ គាត់បើកបរម៉ូតូកែច្នៃគ្មានផ្លាកលេខ មិនមានពាក់មួកសុវត្ថិភាព។
ទី២.ឈ្មោះ ព្រៀន ដាលីន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិបឹងចែង ឃុំស្ទឹងលើ ស្រុកបាណន់ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ ២៥ ១.០៦៩៧ មានពាក់មួកសុវត្ថិភាពរងរបួសចំភ្នែកខាងឆ្វេង។
អ្នកឃើញហេតុការណ៍និយាយថាគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបរម៉ូតូកែច្នៃចេញពីទិញផ្លែសាវម៉ាវឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នក្នុងទិសដៅពីលិចទៅកើតធ្វើឱ្យអ្នកបើកបរម៉ូតូឌ្រីមដែលជិះផ្លូវត្រង់ក្នុងល្បឿនលឿនបើកបរពីកើតទៅលិចបុកពេញទំហឹងចំពាក់កណ្ដាលតែម្តង។
បច្ចុប្បន្នសាកសពសមត្ថកិច្ចបានប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងភាគីម្ខាងទៀតបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី  រីឯមធ្យោបាយយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកែវសីមារង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕