2023-08-06 01:08
125


    ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក Tundra បោះពួយលឿនដូចហោះ ពេលដល់ផ្លូវកោងបានជ្រុលចង្កូតទៅបុករបងយានដ្ឋានជួសជុលរថយន្ត រួចបន្តទៅបុកទម្លុះរបងជញ្ជាំងថ្មបាក់ខ្ទេចអស់១ផ្ទាំងធំ ហើយរថយន្តបង្កបានហោះទៅបុករថយន្ត២គ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៥នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ 
   តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-9404 បោះពួយលឿនដូចហោះក្នុងស្ថានភាពស្រវឹងជោកជាំ ខណៈមកដល់ផ្លូវកោងបានជ្រុលចង្កូតទៅបុករបងសង្ក័សីយានដ្ឋានជួសជុលរថយន្តបណ្ដាលឱ្យខូចខាតអស់ជាច្រេីនផ្ទាំង រួចបន្តទៅបុកទម្លុះរបងជញ្ជាំងថ្ម បាក់ខ្ទេចអស់១ផ្ទាំងធំទៀត បន្ទាប់មករថយន្តបង្កបានហោះបន្តទៅបុករថយន្តចំនួន២គ្រឿងទៀត គឺរថយន្តម៉ាកតូយ៉ូតា ព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BN-9590 រងការខូចខាតស្ទេីរតែទាំងស្រុង និងរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកមាស ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2.1322 រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។
ចំណែកអ្នកបេីកបររថយន្តបង្កបម្រុងនឹងរត់គេចខ្លួនតែត្រូវបងប្អូនប្រជាពលរដ្ឋ ដេញឃាត់ខ្លួនបានភ្លាមៗ និងបានប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកដេីម្បីសួរនាំ ។

   ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកេីត រួចបានវាស់វែងនិងស្ទូចរថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕