2023-10-09 12:10
212

ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ឯកឧត្តមអភិបាលរង លោកមេបញ្ជាការ មេបញ្ជាការរងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធាន អនុប្រធានមន្ទីរ អញ្ជើញក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ចំនួន៣ខេត្ត មាន វរសេនាតូចលេខ ២០៣ , ៦២៣ ខេត្តរតនគិរី វរសេនាតូចលេខ ៣០៣ , ៦២១ ខេត្តមណ្ឌលគិរី វរសេនាតូចលេខ ៧០១ ខេត្តស្ទឹងត្រែង និងទីបញ្ជាការប្រចាំភូមិភាគទី១ ស្ថិតនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

នៅក្នុងឱកាសនោះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានថ្លែងនូវការកោតសរសើរដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដប្រចាំទិសភូមិភាគទី១ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចចូលរួមចំណែកការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពប្រជាពលរដ្ឋ  ការពារការលួចឆ្លងដែនខុសច្បាប់ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងដូច្នេះថា ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ជាពិសេសប្រជាជនកម្ពុជាទូទាំងប្រទេសមានមោទនភាព និងកក់ក្តៅបំផុតដែលប្រទេសជាតិមានរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ កើតឡើងចេញពីការ បោះឆ្នោតដោយត្រឹមត្រូវសេរីយុត្តិធម៌ និងប្រជាធិបតេយ្យដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសសាទរនឹងគាំទ្រយ៉ាង ពេញទំហឹងព្រមទាំងផ្តល់ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិប្រកបដោយសក្តានុពល ។

ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់កងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តរតនគិរីបានខិតខំអនុវត្តតួនាទីភារកិច្ច ដោយយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ ជាកងកម្លាំងមានវិន័យ សណ្តាប់ធ្នាប់ មានក្រមសីលធម៌ និងវិជ្ជាជីវៈដើម្បីសហការការពារបូរណភាពទឹកដី ថែទាំសន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់សង្គម និងអនុវត្តតាមបទដ្ឋានគតិយុត្តិផ្សេងៗទៀត ព្រមទាំងមានការចូលរួមសហការបានល្អប្រសើរពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុង មូលដ្ឋានបានល្អប្រសើរ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល សួរសុខទុក្ខឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានពាំនាំយកអំណោយរបស់ឯកឧត្តមអភិសតិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់កងកម្លាំងវរសេនាតូចប្រចាំភូមិភាគទី១ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះរួមមាន មី៥២ កេសធំ  ត្រីខ២៧ កេសធំ  ទឹកក្រូច ៦៦ កេស  ស្រាបៀរ ១៣៧ កេស និងថវិកា ២៨.០០០.០០០ លានរៀល សម្រាប់បែងចែកទៅតាមអង្គភាព នីមួយៗ ៕