2023-09-28 06:09
212

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងរយៈពេលពីរថ្ងៃធ្វើឱ្យជំនន់ទឹកភ្លៀងប៉ះពាល់ផ្ទះសម្បែងនិងលិចផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែតមិនទាន់ស្រកនៅឡើយរហូតដល់ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

   ប្រជាពលរដ្ឋប្រាប់ថា ភ្លៀងពីរថ្ងៃនៅក្រុងប៉ោយប៉ែតត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀងទូទាំងក្រុងបណ្តាលឱ្យលិចផ្ទះសម្បែងនិងផ្លូវដែលពេលនេះកំពុងជួបការលំបាកទៅមក បើសិនជាភ្លៀងនៅតែបន្តធ្លាក់អាចប្រឈមប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរនិងរងការខូចខាតទ្រព្យសម្បត្តិ។ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ក្រុងប៉ោយប៉ែតលិចស្ទើររាល់ឆ្នាំនៅពេលមានភ្លៀងធ្លាក់ខ្លាំងនិងធ្លាក់ជាប់ៗគ្នាតែងតែងលិចលង់និងប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋនិងរងការខូចខាតទ្រព្យសម្បត្តិនិងទឹកលិចផ្លូវជួបការលំបាកទៅមក។

  កត្តាដែលនាំឱ្យជំនន់ទឹកភ្លៀងលិចក្រុងមួយភាគគឺបណ្ដាលមកពីសំរាមដែលបានបោះចោលនៅតាមទីសាធារណៈបង្កឱ្យស្ទះប្រព័ន្ធលូនិងមួយភាគទៀតបណ្ដាលមកពីរថយន្តធុនធំបើកកិនបាក់ប្រព័ន្ធលូហូររំដោះទឹក។

   លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់នៅល្ងាចនេះថា៖ ក្រុងប៉ោយប៉ែតនៅពេលនេះជំនន់ទឹកភ្លៀងបានលិចលង់ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋលិចផ្លូវក្នុងក្រុងនិងផ្លូវជាតិលេខ៥ជិត១.០០០ម៉ែត្រ សាលារៀនជាង១០កន្លែងត្រូវបានបិទទ្វារកាលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា៖ ជំនន់ទឹកភ្លៀងលិចក្រុងប៉ោយប៉ែតស្ទើរទាំងស្រុងនេះបើភ្លៀងនៅបន្តធ្លាក់អាចប្រឈមនឹងជម្លៀសប្រជាពលរដ្ឋដែលលិចលង់ធ្ងន់ធ្ងរ បើភ្លៀងរាំងមិនធ្លាក់រយៈពេលតែ១ថ្ងៃទៅ២ថ្ងៃអាចស្រកអស់ ព្រោះមានប្រព័ន្ធលូរំដោះទឹកធ្លាក់ចូលអូរព្រំដែន៣ខ្សែអាចរំដោះបាន៕