2024-01-28 08:01
158

ភ្នំពេញ៖ នាព្រលប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ​ ដែលនឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា២០៣០»

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានសិក្សាគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរៀបចំការប្រឡងប្រជែង នាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នេះ ទាំងការតាក់តែងវិញ្ញាសាច្រើនជាងមួយជម្រើស ដោយជ្រើសយកជម្រើសតែមួយ មុនការប្រឡងប្រព្រឹត្តទៅ ក៏ដូចជាសណ្តាប់ធ្នាប់មណ្ឌលប្រឡង ពោរពេញដោយភាពហ្មត់ចត់ សុក្រឹតភាព និងសង្គតិភាព ដោយឈរលើស្មារតី ចេះ គឺជាប់ និង ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត ដើម្បីជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ចេញពីបេក្ខជនប្រឡង ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកទឹកដល់បេក្ខជនប្រឡងប្រជែង ខិតខំឱ្យអស់ពីសមត្ថភាព ទាំងវិញ្ញាសាសរសេរនាថ្ងៃនេះ និងវិញ្ញាសាអនុវត្តន៍កីឡា នៅថ្ងៃបន្តបន្ទាប់ ដោយមិនត្រូវធ្វេសប្រហែសលើវិញ្ញាសាណាមួយឡើយ ។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានគណៈកម្មការប្រឡងប្រជែង  ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសារសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅមណ្ឌលប្រឡងវិញ្ញាសាសរសេរ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែង យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រាចារ្យជំនាញ ក្រោមការសង្កេតការណ៍ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះ សម្រាប់ការប្រឡងនារសៀលនេះក្នុងថ្ងៃតែមួយ ។

 

សម្រាប់ដំណើរការប្រឡង គឺបេក្ខជនត្រូវមកដល់មណ្ឌលប្រឡង ១ម៉ោងមុនការប្រឡ ង(ម៉ោង ១១និង៣០នាទី) ព្រមទាំងភ្ជាប់មកជាមួយនូវ៖ ១- សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច និង ២- ប៊ិចពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង ។ បេក្ខជនមិនត្រូវយកឯកសារផ្សេងៗ ព្រមទាំងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ទូរសព្ទ នាឡិកាឆ្លាតវៃ) ចូលក្នុងមណ្ឌលប្រឡងជាដាច់ខាត និងមិនមានការទទួលរក្សាទុកនោះទេ ៕