2024-03-07 11:03
57

កណ្តាល៖ ក្លឹបកម្សាន្ត យីហោ «ហ្កាឡាក់ស៊ី១៤២» ស្ថិតក្នយងភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មានលួចលាក់បង្កប់សេវាកម្ម ជួញដូរ រក្សាទុក និងផ្តល់ទីតាំងឲ្យមានការប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ត្រូវបានបង្ក្រាបចាប់ខ្លួនម្ចាស់ទីតាំង និងពាក់ព័ន្ធសរុបចំនួន ២៨នាក់។

ប្រតិបត្តិការខាងលើ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោកស្រី វា សក្តា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីម៉ងោ ១២និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដោយអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ការចុះបង្ក្រាបទីតាំងក្លឹប «ហ្កាឡាក់ស៊ី១៤២» កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ចំនូន ២៨នាក់ (ស្រី៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធបទល្មើស ជួញដូរ សម្រួលចំនួន ០៥នាក់ (ស្រី ០១នាក់) ត្រូវបានបញ្ជូនទៅតុលាការ រួមមាន៖ ១- ឈ្មោះ ងន សឹង ភេទប្រុស ជនជាតិខ្មែរ (មេខ្លោង ម្ចាស់ទីតាំង), ២-;ឈ្មោះ ស៊ិន ប៊ុនធឿន ភេទប្រុស ជនជាតិខ្មែរ (សម្រួល), ៣- ឈ្មោះ ពេជ្រ ប៉ូស្រ៊ូ  ភេទប្រុស ជនជាតិខ្មែរ (សម្រួល), ៤- ឈ្មោះ ម៉ូហាមេត អារិនបីនសាលីឌីន ភេទប្រុស ជនជាតិម៉ាឡេស៊ី (អ្នកជួញដូរ) និង៥- ឈ្មោះ ហេង សុខដា ភេទស្រី ជនជាតិខ្មែរ (មេការ)។ 

ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀន រួមមាន៖ ជនជាតិខ្មែរ ០៦នាក់ (ស្រី ០៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលស្តានីតិសម្បទា និងជនបរទេស ចំនួន ១៧នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ០៣នាក់ (ប្រុស), ឥណ្ឌូនេស៊ី ១៤នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា។ 

ចំណែកវត្ថុតាងចាប់យកបាន រួមមានសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ៧៩.៧២ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣.៣៨ក្រាម និងសារធាតុញៀន ប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨.៥២ក្រាម។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមនីតិវិធី៕