2024-02-12 03:02
73

ភ្នំពេញ៖ ជនរងគ្រោះចំនួន ០៣នាក់ឪពុក និងកូន បាននាំគ្នាជិះម៉ូតូចេញពីផ្ទះទៅទទួលប្រពន្ធ និងម្តាយចេញពីធ្វើការងារនៅផ្សារទំនើប AEON-3 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ត្រូវបានរថយន្តបើកបុកពីក្រោយបើងអូសជាច្រើនម៉ែត្រខ្ទាតចេញទៅចិញ្ចើមផ្លូវបណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ និងស្រាលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

 ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ២១និង៣០នាទី កើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរងរបួសស្រាល ចំនួន ០២នាក់ និងស្លាប់ក្មេងស្រី ០១នាក់។

 នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី។ អ្នកនាំពាក្យបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយ ដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី។

 សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុនសែន ហៅផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧  ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ០៩និង៣៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបុកម៉ូតូមួយគ្រឿង ម៉ាក ហុងដាគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 បើកដោយបុរសម្នាក់ មានឈ្មោះ សោម សីហាក់ អាយុ ៣៥ឆ្នាំ រងរបួសធ្ងន់ មានឌុបកូនពីរនាក់ទៀត មានឈ្មោះ សោម សុវណ្ណបញ្ញា អាយុ ៤ឆ្នាំ រងរបួសបែកក្បាល និងកូនស្រីម្នាក់ទៀតជិះក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ ១១ឆ្នាំ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ 

 ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសអ្នកបើកបររថយន្តមិនបានឈប់ទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ដោយបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តង។

 សាក្សីបានឱ្យដឹងថា មុខពេលកើតហេតុជនរងគ្រោះឪពុក និងកូនប្រុស-ស្រីពីរនាក់ទៀត បាននាំគ្នាជិះម៉ូតូឌុបគ្នាចេញពីផ្ទះគោលបំណងទៅយកប្រពន្ធ និងម្តាយចេញពីធ្វើការងារនៅផ្សារទំនើប AEON-3 ខណៈពេលកំពុងជិះម៉ូតូសុខស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបោះពួយយ៉ាងល្បឿនមកពីក្រោយរួចបុកអូសជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់ និងរបួសរួចបើករត់គេចខ្លួនបាត់តែម្តង។

 បច្ចុប្បន្ន សពជនរងគ្រោះកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានជនរងគ្រោះ ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក្រុមគ្រួសារពុំសូវមានលទ្ធភាពធ្វើបុណ្យទេ៕