2024-02-21 07:02
64

ភ្នំពេញ៖ «តំណាងប្រធានសមាគមសិល្បៈ» កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកដែលមនុស្សមានឥទ្ធិពលលើបណ្តាញសង្គមជាពិសេសសិល្បៈករ សិល្បៈការិនីមួយចំនួនលើកមកវិភាព និងបកស្រាយរៀងៗខ្លួនធ្វើឱ្យកំដៅនៃទំនាស់ពាក្យសម្តីគ្នានៅលើបណ្តាញសង្គមប្រៀបដូចអាយ៉ៃឆ្លងព្រំ ម៉ាញ និងយាយយ៉យ រហូតផ្អើលព្រះឥន្ទ្រ ខណៈមិនទាន់មានបេក្ខភាពឈរឈ្មោះច្បាស់លាស់នៅឡើយទេ បន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសលាលែងពីប្រធានសមាគមសិល្បៈ។
    ពាក់ព័ន្ធរឿងរ៉ាវតំណែងប្រធានសមាគមសិល្បៈ ដែលកំពុងផ្ទុះភាពចម្រូងចម្រាស់ ដ៏ក្តៅគគុកខាងលើនេះ ចំពោះបេក្ខភាពកំពុងមានប្រជាប្រិយភាពពីសំណាក់ក្រុមអ្នកសិល្បៈករ និងសិល្បៈការិនី មានការគាំទ្រច្រើនឱ្យឈរឈ្មោះជាបេក្ខភាពជាប្រធានសមាគមសិល្បៈ មានដូចជា អតីតរតារាកំប្លែងនាយឃ្លោក តារាចម្រៀងអ្នកនាង ម៉េង កែវ ពេជ្រចិន្តា តារាពហុជំនាញអ្នកនាង ខាត់ សុខឃីម និងអ្នកសិល្បៈមួយចំនួនទៀត ប៉ុន្តែក្នុងនោះគេបានឃើញលោក គួច ខេវិន អ្នកដឹកនាំ និងផលិតកម្មវិធី បានប្រកាសថានឹងឈរឈ្មោះបេក្ខភាពប្រធានសមាគមសិល្បៈដែលកំពុងមានចម្រូងចម្រាស់នេះ។

   ជុំវិញរឿងជ្រើសរើសរើសប្រធានសមាគមសិល្បៈនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានសរសេរលើលើបណ្តាញទំនាក់ទំនងសង្គមថា «បន្ទាប់ពីបានឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ។ កន្លងមកក៏ដូចជាបច្ចុប្បន្នខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករ សិល្បការីនី ដែលជួបការលំបាក តាមរយៈសមាគមផង និងតាមបុគ្គលផង ខ្ញុំគិតថាបញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយដោះស្រាយការលំបាករបស់សមាគមនៅតែជាបញ្ហាប្រឈមធំ»។
   សម្តេចតេជោ បានសរសេរបន្ថែមទៀតថា «ដូចនេះប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមយើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។ ខ្ញុំមិនជ្រៀតជ្រែតលើការបោះឆ្នោតរើសប្រធានសមាគមទេ តែដោយសារយើងត្រូវការសិល្បៈដែលមានការសាមគ្គីភាព និងរីកចម្រើនទៅមុខទើបខ្ញុំផ្តល់ការគាំទ្របែបនេះ»។
   បន្ទាប់ពីមានការល្បីល្បាញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈនោះ ត្រូវបានអតិថិជនដែលរងគ្រោះយកប្រាក់ទៅទិញដី និងផ្ទះនៅគម្រោងធំរបស់អ្នកឧកញ៉ាជាពិសេសនៅគម្រោងនៅផ្លូវជាតិលេខ ៦A ផ្ទុះការរិះគន់យ៉ាងខ្លាំងព្រោះពួកគាត់ខ្លះបានបង់លុយឱ្យគ្រប់អស់ហើយ ប៉ុន្តែផ្ទុះក្នុងគម្រោងសូម្បីសរសរមួយដើមក៏មិនដាំផង បើមានលុយគួរធ្វើផ្ទះឱ្យពួកគាត់ឱ្យរួចរាល់ព្រោះលើសកិច្ចសន្យាយូណាស់មកហើយ។
  ក្រោយពីមានព័ត៌មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ឈរឈ្មោះជាប្រធានសមាគសិល្បៈផ្ទុះការរិះគន់ពីសំណាក់អតិថិជននោះ សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែកុម្ភៈ បានសរសេរមួយទៀតថា «បន្ទាប់ពីបានអានយោបល់របស់បងប្អូនលើការដាក់បេក្ខជនអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ ខ្ញុំសូមបញ្ជាក់ និងលើកជាគំនិតមួយចំនួនដូចខាងក្រោម៖ ១- ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះទេ។ ២- សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករ សិល្បការិនី ដែលមានសិទ្ធិបោះឆ្នោតឯណោះវិញទេ។ ៣- រវាងសិល្បៈ និងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះដោយសារកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុនមិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ និង ៤- មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាននោះទេ។ 
   សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា «ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេ តែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិមិនមែនជាទាហានទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ ប្រទេសមួយចំនួនរដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនមែនជាវេជ្ជបណ្ឌិតឬគ្រូពេទ្យទេតែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។ ដើម្បីងាយស្រួល ខ្ញុំស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិនទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន»។
   សម្តេចតេជោ បានសរសេរបញ្ជាក់បន្ថែមថា «គំនិតរបស់ខ្ញុំមិនចង់ឃើញការលំបាករបស់សមាគមក្នុងការស្វែងរកថវិកាជួយសិល្បករ សិល្បការិនី ជួបការលំបាក។ ឧកញ៉ា ហេង ឡុង និងអ្នកនាង ចន ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយខ្ញុំប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើនដើម្បីជួយសិល្បករ សិល្បការិនី ដែលជួបការលំបាក។ ខ្ញុំសង្ឃឹមថាសមាគមនឹងរកបានប្រធានល្អមានលទ្ធភាពជួយសិល្បករសិល្បការិនីបាន។ សម្រាប់ឧកញ៉ា ឡេង ណាវ៉ាត្រា រង់ចាំពេលក្រោយក៏មិនយឺតពេលដែរ»៕