2024-02-23 06:02
54

ភ្នំពេញ៖ នៅរសៀលថ្ងសទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ អ្នកបើករថយន្ត ឡាំបូគីនី បង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូ ០១គ្រឿងពីក្រោយបណ្តាលឱ្យស្លាប់មិនមែន PA FIDO នោះទេ គឺបុរសជនជាតិចិនដែលមានឈ្មោះ ហ្វូរ សុងហ័រ ដែលមានកម្រិតជាតិ អាកុលក្នុងខ្លួនរហូតដល់ ០.៨៦ mg/L ត្រូវបាន សមត្ថកិច្ចជំនាញឃាត់ខ្លួន និងកំពុងបន្តនិតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
   លោកវរសេនីយ៍ឯក សំវិច្ឆិកា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងលើផ្លូវសហព័ន្ធរុស្ស៊ី នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ជនសង្ស័យដែលជាជនជាតិចិន បើកបររថយន្តឡាំបូគីនី ហ្វូរ សុងហ័រ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ត្រូវបានឃាត់ដើម្បីអនុវត្តន៍តាមនិតិវិធីពាក់ព័ន្ធករណីបើកបរក្នុងល្បឿនលឿនមិនទទួលខុសត្រូវនៅកន្លែងកើតហេតុដោយពិនិត្យជាតិអាល់កុលមានស្ថានភាពស្រវឹង ០.៨៦ mg/L ដែលមានចំនួនខ្ពស់។
   អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ការបើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិចដល់ចំណុចកើតរថយន្ត ម៉ាក់ ឡាំបូគីនី ជាជនជាតិចិន បានបុកពីក្រោយម៉ូតូបណ្តាលឱ្យជនរងគ្រោះស្លាប់ និងបានបើករថយន្តគេចពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវហើយត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមចាប់ឃាត់បាន និងកំពុងបំពេញនិតិវិធីដើម្បីបញ្ជូនទៅកាន់តុលាការអនិឲុវត្តន៍តាមផ្លូវច្បាប់»។

   សូមជម្រាបថា នៅវេលាម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្ត ម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជា S.R.999 ដែលមហាជនស្គាល់ថាជារថយន្តរបស់ PA FIDO តារាមានប្រជាប្រិយភាពលើបណ្ដាញសង្គម Facebook និង Tik Tok ខាងធ្វើម្ហូប បានបុកម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V-9127 អ្នកបើកបរមានឈ្មោះ សោន សឹត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ដឹកជញ្ជូន មានស្រុកកំណើត ភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
   តាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា ក្រោយពេលបង្កគ្រោះថ្នាក់រថយន្ត ឡាំបូគីនី របស់ PA FIDO បានព្យាយាមបើករត់គេចពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវចេញពីផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះមកផ្លូវ២០០៤ បន្ទាប់មកចូលតាមផ្លូវ ដួង ងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាស្ទាក់ឃាត់បាន។
ចប្ចុប្បន្ន អ្នកបើកបររថយន្ត ឡាំបូគីនី របស់ PA FIDO តារា Tik Tok ដ៏ល្បីល្បាញនោះ ត្រូវបានសមត្ថកិច្ចនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ អះអាងមានឈ្មោះ ហ្វូរ សុងហ័រ ត្រូវបានឃាត់ខ្លួន និងកំពុងបំពេញនិតិវិធីឱ្យគ្រប់គ្រាន់ដើម្បីបញ្ជូនទៅកាន់តុលាការអនុវត្តន៍តាមផ្លូវច្បាប់៕