2023-04-10 12:04
272

ខេត្តស្វាយរៀង៖កាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានថ្ងៃទី១០ ខែមេសា បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តម៉ាកស្តារិចបុកម៉ូតូពេញទំហឹង រួចបើកគេចយកទៅប្លុងទុកនៅមុខកាស៊ីណូសាន់ស៊ីធីក្រុងបាវិតបង្កការភ្ញាក់ផ្អើលទាំងយប់។

   ហេតុការណ៍នេះបានកើតឡើង ឆ្នាំ២០២៣នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយគ្រាន់តែដឹងជាជនជាតិវៀតណាម បើកម៉ូតូម៉ាកMSX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១FJ-៨១៣៧រងការខូចខាតយ៉ាងធ្ងន់។ ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយពីបង្កហេតុរួចបានបើករថយន្តគេចចេញពីកន្លែងយកទៅប្លុងទុកនៅមុខកាស៊ីណូសាន់ស៊ីធីក្រុងបាវិត។

   តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BI-២៦៥១ធ្វើធ្វើដំណើលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក៏បុកម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ១FJ-៨១៣៧ពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ ហើយ ក្រោយពីបង្កហេតុរួចបានបើករថយន្តគេចចេញពីកន្លែង រួចយកទៅប្លុងទុកនៅមុខ កាស៊ីណូសាន់ស៊ីធីក្រុងបាវិតតែម្ដង។

   ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕