2023-09-30 04:09
220

(ត្បូងឃ្មុំ)៖លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំមន្ដ្រីរាជការ ចូលរួមកាន់បិណ្ឌវេនទី១ និងនាំយកទេយ្យទានទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តវិហារទន្ទឹម ស្ថិតក្នុងក្រុងសួង ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យលោកតា លោកយាយ ប្រជាពលរដ្ឋទាំងអស់ ត្រូវចង់ចាំពាក្យ «អរគុណសន្តិភាព» ដកជាប់ក្នុងបេះដូងជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំធ្វើបុណ្យតាមទីអារាមដូចនាពេលនេះ បាននោះឡើយ។

លោកអភិបាលខេត្ត បានសូមឲ្យប្រជាពលរដ្ឋ លោកតា លោកយាយ ជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រហូតដល់ឃុំ-សង្កាត់។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តទាំងអស់ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង។

ជាមួយគ្នានោះ ដើម្បីចូលរួមចំណែក និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមកប្រគល់ជូនវត្តវិហារទន្ទឹម រួមមាន អង្ករ១តោន   មី១០កេស   ត្រីខកំប៉ុង ៣កេស    ទឹក៥០កេស   សាដក២៧ប្រអប់    បច្ច័យព្រះសង្ឃ១អង្គ ៧០,០០០រៀល   ទឹកត្រី១០យួរ ទឹកស៉ីអ៉ីវ១០យួរ    ស្ករស១បេ    ទឹកក្រូច១០កេស និងសរុបបច្ច័យចំនួន១០,០០០,០០០រៀល។

លោកបណ្ឌិត និងលោកស្រី ក៏បានចែកថវិកាជូនដល់លោកតា លោកយាយចំណុះជើងវត្ត កុមារា កុមារីនៅទីអារាមមួយនេះផងដែរ៕