2023-03-26 07:03
452

ភ្នំពេញ ៖ អំពើហិង្សា ជាវិធានការដែលត្រូវបានអនុវត្តតាមផ្លូវច្បាប់ ជាពិសេស ជនប្រព្រឹត្តជាបុរស ជាមន្ត្រីនគរបាលជាតិ ជាមន្ត្រីអនុវត្តច្បាប់ លើស្ត្រីជាភរិយាទន់ខ្សោយ កាន់តែមានស្ថានទម្ងន់នៃបទល្មើសដែលត្រូវអង្គភាពនិងស្ថាប័នតុលាការចាត់វិធានការ។ 

សូមបញ្ជាក់ថា, ក្រោយពីបែកធ្លាយវីដេអូ អំពីសកម្មភាពប្តីដែលគេដឹងច្បាស់ថា ជាមន្រ្តីនគរបាលពាក់ស័ក្តិ២ ក្រសួងមហាផ្ទៃមួយរូប ឈ្មោះ ជា ប៊ុនថេង បានប្រើហិង្សាដ៏ឃោរឃៅលើភរិយា​ នាំឱ្យរងរបួសជាច្រើនកន្លែង តាំងពីខែ១០ ឆ្នាំ២០២២ ដល់បច្ចុប្បន្ន  នៅពេលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលរូបនេះហើយ។

បើតាមស្រ្តីរងគ្រោះជាភរិយា ឈ្មោះ Nhoem Sokleng ដែលបានបង្ហោះនៅលើបណ្តាញសង្គមបញ្ជាក់ថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃពាក់ស័ក្តិ២បានប្រើអំពើហិង្សា គំរាមកំហែង​បាញ់សម្លាប់ និងប្រើពាក្យសំដីដៀល ជេរប្រមាថជាខ្លាំង។ តាមរយៈវីដេអូនេះ ជនរងគ្រោះបានអំពាវនាវសូមឱ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផងដែរ។

ក្រោយពីមានការបង្ហោះវីដេអូនេះ មានមហាជនជាច្រើនបានសម្តែងការខឹងសម្បាលើករណីប្រើហិង្សានេះ ដោយសាធារណជនបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់លើបញ្ហានេះ។

ទីបំផុត ! នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ដែលវាយប្រពន្ធឱ្យរងរបួសជាបន្ទាន់ ដោយគ្មានការលើកលែងឡើយ។ 

សូមជម្រាបជូនថា ៖ បើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់អោយដឹងថា,  អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិចាត់ការតាមនីតិវិធីច្បាប់លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ២ ដែលវាយប្រពន្ធឱ្យរបួសពេញខ្លួន។

«ដោយទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិបាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់ លើករណីហិង្សាក្នុងគ្រួសារ ដែលប្រពឹត្តដោយប្តីជានគរបាលក្រសួងមហាផ្ទៃ លើប្រពន្ធបណ្តាលឱ្យរងរបួស»

 

ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ពុំទាន់អាចបញ្ជាក់ជូនពីចំណាត់ការយ៉ាងណាលើមន្ត្រីនគរបាលនោះទេ ដោយលោកបញ្ជាក់ថានឹងជូនព័ត៌មានលម្អិតបន្ទាប់ពីបានចាត់ការលើករណីនោះរួចរាល់។

គួរជម្រាបថា ករណីអំពើហិង្សា ប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ២ វាយប្រពន្ធខ្លួនឯងឱ្យរបួសធ្ងន់ ត្រូវបានស្ត្រីរងគ្រោះបង្ហោះតាមបណ្តាញសង្គម Facebook ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ស្ត្រីជាប្រពន្ធឈ្មោះ Nhoem Sokleng បានបង្ហោះថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃប្រើអំពើហិង្សា គំរាមកំហែងបាញ់សម្លាប់ និងប្រើពាក្យសម្តីដៀលជេរប្រមាថ។ ជនរងគ្រោះបានអំពាវនាវ សូមឱ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផង។

សូមបញ្ជាក់ថា, ពាក់ព័ន្ធនឹងអំពើហិង្សាដែលប្រព្រឹត្តឡើងដោយប្តីជាមន្ត្រីនគរបាលជាតិ តំណាងអយ្យការក៏បានចេញដីកាកោះតាមពាក្យបណ្ដឹងរបស់ភរិយា ប៉ុន្តែមិនបានធ្វើការចេញដីកាសន្និដានបញ្ជូនឱ្យស៊ើបសួរ ទើបស្ត្រីជាជនរងគ្រោះ បន្តស្វែងរកអន្តរាគមន៍ ទៅកាន់សាមីអង្គភាពរបស់ប្ដី ថ្នាក់ដឹកនាំ ហើយករណីនេះក៏បានដឹងដល់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបញ្ជាដាច់ណាត់ឱ្យចាត់វិធានការជាបន្ទាន់ទៅលើមន្ត្រីនគបាលពាក់ស័ក្តិពីររូបនេះ ដោយគ្មានការយោគយល់ និងមុឺងម៉ាត់បំផុត៕