2024-02-27 08:02
75

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៩៤នាក់ ត្រូវបានកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលពេញមួយសប្ដាហ៍មកនេះ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន ៦១ករណី គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 
   អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល បានឱ្យដឹងថាទៀត បទល្មើសដែលបានបង្ក្រាប និងជនសង្ស័យដែលបានចាប់ខ្លួន ភាគច្រើនពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើលួចច្រើនជាងគេគឺចំនួន ១៩ករណី។ បន្ទាប់មក ហិង្សាលំដាប់ទី២ គឺ ១៥ករណី។ ក្រៅពីនេះមាន ប្លន់ ០៧ករណី ឃាតកម្ម ០៥ករណី រំលោភពសេពសន្ថវៈ ០៤ករណី និងបទល្មើសផ្សេងៗទៀត។ 
   លោកបន្ថែមថា ចំនួនជនសង្ស័យដែលចាប់ខ្លួន បានកើនឡើងជាង៣០នាក់ធៀបនឹងសប្ដាហ៍មុន។ 
   លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាឆន្ទៈរបស់នគរបាលក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលបានកំណត់អំពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ 
   ស្របគ្នានេះ ក៏ជាការអនុវត្តទិសដៅមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនាដើមអាណត្តិទី៧នេះ ក្រោមការដឹកនាំយ៉ាងស្វាហាប់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕