2024-01-10 03:01
73

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នៅសាលសន្និសីទបាយ័ន។ 

លោកស្រី ឡោក ខេង បានបញ្ជាក់ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងសំខាន់គឺសិក្សាស្វែងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៨ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ឱ្យមានប្រសិទ្ធភាព ៕