2024-01-28 04:01
73

(ស្វាយរៀង)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ថ្នាក់កណ្តាល តំណាងលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន២,៧៥៩នាក់ ក្នុងនោះស្ត្រី១,៩៣១នាក់ ដែលជាការគិតគូរ និងឧបត្ថម្ភគាំទ្រថ្នាំពេទ្យរបស់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
    ពិធីនេះ ក៏មានការចូលរួមពីលោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកស្រី វង់ មយូរា រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយឃុំបាសាក់ ស្រុកស្វាយជ្រំ, លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង, លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រីអភិបាល អភិបាលរងស្រុកស្វាយជ្រំ និងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។
   លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានឲ្យដឹងថា ថ្ងៃនេះដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៧១ នាក់ និងមានស្ត្រីចំនួន ១២០ នាក់ បានចុះពិនិត្យព្យាបាលជំងឺ វះកាត់តូច សង្គ្រោះបឋម បង្រៀន សង្គ្រោះ បឋម ចែកឱសថ និងចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយឥតគិតថ្លៃបានចំនួន ២,៧៥៩ នាក់ ក្នុងនោះស្ត្រីមានចំនួន ១,៩៣១ នាក់។
   លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បើមានអ្នកជំងឺធ្ងន់ដែលមិនអាចព្យាបាលនៅកន្លែងបានទេ ក្រុមការងារយើងនឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តដោយឥតគិតថ្លៃផងដែរ។
   លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ក្នុងនាមលោកអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃនាពេលនេះ ដែលបានបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ នៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។

   លោកបានបញ្ជាក់ថា ក្នុងអាណត្តិទី៧ដែលដឹកនាំដោយសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានដាក់ចេញនៅគោលនយោបាយបញ្ចកោណដំណាក់កាលទី១ បានផ្តោតសំខាន់ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាកាត់បន្ថយការខ្វះខាតរបស់ប្រជាពលរដ្ឋ គិតគូរទាំងសុខភាព ការអប់រំ ផ្តល់ការងារធ្វើជូនពលរដ្ឋ និងគោលនយោបាយ ទឹក ភ្លើង ផ្លូវ មនុស្ស និងបច្ចេកវិទ្យា ឌីជីថលជាដើម ដែលទាំងអស់នេះជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល។
    លោកបណ្ឌិត តូច ប៉ូលីវ៉ា ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរឃុំបាសាក់ ស្រុកស្វាយជ្រំត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព ចំណែកឯសមាជិកអង្គបោះឆ្នោតត្រូវថែទាំ សុខភាពឲ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោតខាងមុខនេះ។
    ក្នុងឱកាសនោះ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ថ្នាក់កណ្តាល បានថ្លែងថា ក្នុងរយៈពេល១២ឆ្នាំ (២ ធ្នូ ឆ្នាំ២០១២ ដល់ ២៨ មករា ឆ្នាំ២០២៤) ដែលបានបង្កើតឡើងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី និងក្រោមការដឹកនាំដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឲ្យគោរពកោតសរសើរ របស់  លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់បានដឹកនាំ និងសម្របសម្រួល ដោយលោកផ្ទាល់ បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផល ប្រកបដោយ   ប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១៨២៣លើក, ព្យាបាលជំងឺជូនប្រជា   ពលរដ្ឋបានចំនួន ១៣,១៥៣,៦២១នាក់ ក្នុងនោះស្ត្រីមានចំនួន ៦,៧២៨,៧០៩នាក់គិតត្រឹម ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៤ ច្រើនជាងចំនួន៣ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន១៧,៣៣៦,៣០៧ នាក់ ធៀបនឹងឆ្នាំ២០២៤ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។
   លោកបានបន្ថែមថា ជាពិសេសទៅទៀតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៨៩,៧៦៧ដូស ក្នុង ២៥ រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងាយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៧,៦៨១,០៥០ដុល្លារ។
    លោកបានបន្ថែមថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ គឺនាំឲ្យមានកំណើនសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របទៅតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕'