2024-03-25 04:03
32

ខេត្តពោធិ៍សាត់៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់កម្លាំងចម្រុះ ដែលបាននិងកំពុងបេសកកម្មបង្រ្កាបទប់ស្កាត់បទល្មើលធនធានធម្មជាតិ ហើយបានចាត់ទុកថាជាការអន្តរាគមន៍របស់កងកម្លាំងគ្រប់ភេទ បានចូលរួមថែរក្សាការពារធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។  លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងដូចនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចុះកំពុងឈរជើងចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់ រុករានដី ដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងចុះពិនិត្យទីតាំងដាំស្តារព្រៃឡើងវិញ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ កាលពីថ្ងៃអាទិត្យទី២៤ ខែមីនាម្សិលមិញនេះ។

ក្នុងឱកាសនោះ លោកបណ្ឌិតរដ្ឋមន្រ្តី មានប្រសាសន៍ថា កម្លាំងមន្រ្តីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សរុបមានត្រឹមមតែ ១២០០នាក់ ហើយត្រូវគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីជាង៧,២ ហិចតា គ្របដណ្តប់ប្រមាណ៤០% នៃផ្ទៃដីប្រទេសទាំងមូល។ 

ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព យើងត្រូវអនុវត្តតាមបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ ដែលក្នុងនោះ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការ ចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ 

ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើ ឱ្យបានជាង ៦០%ក្នុងឆ្នាំ ២០៥០ផង និងបង្កើតចំណូលសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍគោលដៅលំហែរបៃតង ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងអនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕