2023-12-13 04:12
132

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ បានធ្វើការបដិសេធ និងច្រានចោលចំពោះការចោទប្រកាន់ថា «មានពលរដ្ឋកម្ពុជារហូតដល់ជាង ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ» ដូចការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួនបានចុះផ្សាយដោយគ្មានមូលដ្ឋាននោះទេ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាធិបតីភាពខួបលើកទី១៧ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស  ១២ ធ្នូ ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីនោះថា «ក្នុងរយៈពេល១ឆ្នាំមកនេះ កម្លាំងសមត្ថកិច្ចបានធ្វើការអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើសបានរហូតដល់ ១ ២១៣ ករណី គឺប្រមាណ ៩៧.៧០% ក្នុងនោះរួមមាន ករណីបង្ខំធ្វើការដោយខុសច្បាប់ មានចំនួន ២៥៩នាក់ ស្រី ៤៨នាក់ មាន ០៧សញ្ជាតិ ត្រូវបានសន្និដ្ឋានថាជាករណីជួញដូរមនុស្ស»។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា «សមត្ថកិច្ចស្វែងរកចាប់ជនសង្ស័យប្រព្រឹត្តបទល្មើសបាន ចំនួន ៩១នាក់ មាន ០៣សញ្ជាតិ ក្នុងករណីបង្ខាំងមនុស្ស និងជនសង្ស័យ ចំនួន ៣៥នាក់ មាន ០៤សញ្ជាតិ។ ពាក់ព័ន្ធករណីជួញដូរមនុស្សបញ្ចូនទៅតុលាការបិទទីតាំងប្រព្រឹត្តបទល្មើស ចំនួន ០៥ទីតាំង និងបើកការស៊ើបអង្កេតករណ៍សម្អាតប្រាក់ សរុបចំនួន ១០ករណី»។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា «សមិទ្ធផលនៃលទ្ធផលតាមរយៈរបាយការណ៍នេះ ជាក់ស្ដែងយើងបានរកឃើញក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា អាចបញ្ជាក់ជាភស្ដុតាងជាក់ស្ដែងថា មិនមានជនរងគ្រោះដែលបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការខុសច្បាប់ ឆបោកតាមអនឡាញ រហូតដល់ជាង ១០ម៉ឺននាក់ ដូចការផ្សព្វផ្សាយនៅតាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ»។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថា «ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដើម្បីការលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិ និងការលើកកម្ពស់សក្តានុពល នៃធនធានមនុស្ស សម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានប្រាប់អស់លោក-លោកស្រីជាអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ ប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្រោមឱវាទគ្រប់ថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រហូតដល់ កងកម្លាំងឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែន សូមពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យបានម៉ត់ចត់បំផុត។

ក្នុងនាមអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នកុំជឿតាមការអូសទាញរបស់មេខ្យល់ដែលនាំឲ្យធ្លាក់ខ្លួន ក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស, លើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យបានល្អ, ពង្រឹងនូវការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ, បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របជូនជនរងគ្រោះឲ្យបានត្រឹមត្រូវ, កែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ ជូនពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយឈានទៅលុបបំបាត់ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឲ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍របស់ពលករ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា «លោក លោកស្រី ជាស្ថានតំណាង នៃបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលដែលបានឹងកំពុងធ្វើការងារក្នុងគោលដៅប្រឆាំងអំពើជួញដូរមនុស្ស និងនៅតែបន្តកិច្ចសហការឲ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៃបណ្តាប្រទេសដែលត្រូវបានឧក្រិដ្ឋជនជួញដូរ និងកេងប្រវ័ញ្ញតាមគ្រប់រូបភាព»៕