2024-02-17 02:02
70

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតអបអរសាទរ លោកជំទាវ ឌិត នីតា ដែលទើបជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លិខិតរបស់អ្នកឧកញ៉ា គិត ម៉េង មានខ្លឹមសារដូច្នេះថា៖ «ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសដែល លោកជំទាវ ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិ២០២៤-២០២៥។

យើងខ្ញុំទាំងអស់គ្នាជឿជាក់ថា បទពិសោធន៍ និងឆន្ទះដ៏មោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោកជំទាវ នឹងដឹកនាំ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ ក្នុងនាមខ្ញុំជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការជំរុញវិស័យឯកជន ឲ្យបោះជំហានទៅមុខកាន់តរឹងមាំខ្លាំងក្លាបន្ថែមទៀត ព្រមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមជូនពរបវរមហាប្រសើរជូនចំពោះ លោកជំទាវ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍»៕