2024-03-10 06:03
60

(បន្ទាយមានជ័យ)៖ ដើម្បីអបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៣ លោក សេរី កុសល អ្នកតំណាងរាស្ត្រ អនុប្រធានក្រុមការងារបក្សចុះជួយខេត្តបន្ទាយមានជ័យ និងប្រធានគណៈយុទ្ធនាការប្រចាំស្រុកភ្នំស្រុក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមការងារប្រចាំស្រុកភ្នំស្រុក ចុះជួយព្យាបាលប្រជាពលរដ្ឋ នៅឃុំណាំតៅ នៃស្រុកភ្នំស្រុក ប្រមាណជាង ៧០០នាក់។
   ពិធីនេះមានការចូលរួមពីលោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកភ្នំស្រុក ក៏មានវត្តមានកញ្ញា សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោកអភិបាលរងខេត្ត, លោកអភិបាលស្រុក និងក្រុមការងារចុះជួយស្រុកភ្នំស្រុកជាច្រើននាក់ទៀត។
   ការពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនេះ ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត ជិន សំណាង និងសហការី ដែលមានវេជ្ជបណ្ឌិតចំណានៗចំនួន៧រូប និងមានការចូលរួមពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តជាច្រើននាក់ទៀត។
   ក្នុងឱកាសនោះ លោក សេរី កុសល បានពាំនាំនូវការសាកសួរសុខទុក្ខពីលោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំណាំតៅ ក៏ដូចជាប្រជាជនទូទាំងស្រុកភ្នំស្រុកផងដែរ។
   លោកបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបានផ្តល់ឱ្យលោកក្លាយជាតំណាងរាស្ត្រ ដូច្នេះដើម្បីជាការតបស្នងដល់បងប្អូន លោកតែងតែណែនាំឱ្យដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឱ្យចុះមកពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ។ ហើយនេះជាលើកទី១ សម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយពិនិត្យព្យាបាលជំងឺ ដែលរៀបចំដោយក្រុមការងារប្រចាំស្រុក ដែលជាការដកស្រង់បទពិសោធន៍ផងដែរ។
ក្នុងឱកាសនោះដែរ លោក សេរី កុសល បានរំលឹកអំពីជោគជ័យដែលកងទ័ពអាវស របស់កម្ពុជាបានយកឈ្នះលើកូវីដ១៩ ដែលពេលនៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន។ តាមរយៈជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ នេះ សបញ្ជាក់យ៉ាងច្បាស់អំពីសមត្ថភាពរបស់ក្រុមគ្រូពេទ្យកម្ពុជា បើទោះបីយើងមិនសម្ភារៈបរិក្ខាពេទ្យដូចប្រទេសមួយចំនួនក្តី តែយើងនៅតែអាចយកឈ្នះកូវីដបាន និងធ្វើឱ្យផលប៉ះពាល់មានចំនួនតិចបំផុត។
   អ្នកតំណាងរាស្ត្ររូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំទាំងអស់ ដែលបានបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ហើយសម្តេចតេជោ នឹងក្លាយជាប្រធានព្រឹទ្ធសភា ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកបានកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរពីសុខភាពរបស់ប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយ ក្នុងការពង្រឹង និងពង្រីងសេវាសុខាភិបាលឱ្យដល់មូលដ្ឋានដាច់ស្រយាល។
   លោក សេរី កុលស បាននិយាយបែបកំប្លែងជាមួយបងប្អូនប្រជាពលរដ្ឋថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់ ហើយតាមទំនៀមទម្លាប់របស់អ្នកស្រុកនេះ គឺការលាបម្សៅ ជះទឹក ដូច្នេះការចុះមកពិនិត្យព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺចង់ឱ្យបងប្អូនមានសុខភាពល្អ ត្រៀមអបអរសាទរ និងលេងកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។
   លោកបន្ថែមថា កងទ័ពអាវស គឺជាអ្នកប្រឆាំងនឹងមច្ចុរាជ សូមកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពិនិត្យ ព្យាបាលជំងឺយ៉ាងច្រើនកុះករ ដែលជាកម្លាំងចិត្តជំរុញឱ្យក្រុមការងារនឹងខិតខំធ្វើយ៉ាងចុះជួបពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជាបន្តបន្ទាប់ទៀត ហើយការចុះពិនិត្យព្យាបាលនេះ មិនមានការរើសអើងចំពោះគណបក្សណានោះទេ គឺគ្រប់គ្នាទទួលបានការព្យាបាល ដោយឥតគិតថ្លៃ៕