2023-12-21 09:12
109

ភ្នំពេញ៖ កណ្តាប់ដៃលោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ចំកណ្តាលមុខ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ធ្វើឲ្យរំជួយឋានព្រះឥន្ទ ពេលនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជាន់ខ្ពស់ ឲ្យចុះសិក្សាស្រាវជ្រាវ ស៊ើបអង្កេតការអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

តាមប្រភពព័ត៌មាន គួរឲ្យទុកចិត្ត បានបង្ហើបថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញគោលការណ៍ ឲ្យក្រុមការងាររបស់ក្រសួងចុះសិក្សាស្រាវជ្រាវ ស៊ើបអង្កេត និងពិនិត្យលើថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតហើយ ដើម្បីប្រមូលព័ត៌មានជាក់លាក់ និងមានវិធានការលើរឿងរ៉ាវមិនប្រក្រតីទាំងនេះ។

លិខិតបង្គាប់ការបានចាត់តាំងថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ ចំនួន ១០រូប នៃក្រសួងមហាផ្ទៃ ឲ្យចុះទៅបំពេញ បេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីចុះសិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើការអនុវត្ត និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ 

ក្រុមការងាររបស់ក្រសួងនឹងជួបសម្ភាសន៍ជាមួយប្រធាន ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, អភិបាលរងខេត្ត ចំនួន ១០រូប , សមាជិកក្រុមប្រឹក្សាខេត្ត, លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិអភិបាលក្រុងប៉ោយប៉ែត រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុននេះ សារសម្លេងរបស់លោក សាន ស៊ានហូ ត្រូវបានបែកធ្លាយ ដោយលោបាននិយាយថា «សុំឱ្យប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោះដូរអភិបាលខេត្តបន្ទាយមានជ័យចេញទៅ ព្រោះរឿងរ៉ាវទំនាស់ដីធ្លីច្រើនណាស់ដែលប្រជាពលរដ្ឋទទួលភាពអយុត្តិធម៌ គឺដោះស្រាយរឿងចិញ្ចឹម រឿងគិតតែប្រយោជន៍ មិនគិតតពីប្រជាពលរដ្ឋ ហើយយកអំណាចអភិបាលខេត្តមកចាត់ចែង និងកកូរកកាយចាត់ចែងការងាររំលោភសិទ្ធិក្រុមប្រឹក្សាក្រុង-សង្កាតមិនទុកសិទ្ធឲ្យថ្នាក់ក្រោមគេធ្វើការទេ»។

សារសម្លេងលោក សាន ស៊ានហូ បាននិយាយទៀតថា «នាំគ្នាដោះស្រាយរឿងទំនាស់ដីធ្លីសុទ្ធតែគិតយកលុយពីប្រជាពលរដ្ឋ ធ្វើទុក្ខបុព្វនិញដល់អ្នកមូលដ្ឋានចាត់ចែងកកូរកកាយតាំងពីការរៀបចំក្រុមប្រឹក្សាឃុំ-សង្កាត់ បើចេះតែឯងអញ្ចឹង ធ្វើមេក្រុម មេភូមិ ចៅសង្កាត់ ចៅហ្វាយក្រុងផង មិនចាំបាច់ឲ្យគេធ្វើទេ វាដូចជាហួសហេតុពេក»។

ក្រោយប៉ុន្មានដៃចំកណ្តាលមុខរបស់ លោក អ៊ុំ រាត្រី ចៅហ្វាយខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោក អ៊ុំ រាត្រី ខ្លាំង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ទើបលោក សាន ស៊ានហូ បានចេញលិខិតសុំទោសដែលមានខ្លឹមសារថា «ប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបាទបានប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ ដោយបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុកតាមគណនីរបស់ខ្ញុំបាទផ្ទាល់ និងបទសម្ភាសន៍តាមសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងការងារបក្ស និងសង្គមដែលទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍ទៅមុខ និងមានការរីកចំរើនលើគ្រប់វិស័យ»។

លោក សាន ស៊ានហូ បានបញ្ជាក់ក្នុងលិខិតថា «សន្យាថានឹងលុបចោលនូវសារសំលេង និងវិដេអូទាំងអស់របស់ខ្លួន និងបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើប៉ះពាល់ដល់ថ្នាក់ដឹកនាំ សង្គមជាតិ និងសន្យាថា បន្តខិតខំប្រឹងប្រែង ចូលរួមអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចំរើនទៅមុខបន្តទៀត»។ 

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ចំនួន ២ភូមិ មានចំនួនជាង ១០០ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀត រស់ នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នើលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការផ្លាស់ប្តូរ លោក អ៊ុ រាត្រី អភិបាលខេត្ត និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ចេញពីខេត្តនេះ ព្រោះអសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់គុក និងសកម្មភាពបំពានច្បាប់ជាអាទិ៍ ជាពិសេស ដោះស្រាយទំនាស់ដីធ្លីជិត ២០ឆ្នាំជូនពួកគេមិនបាន។

នៅក្នុងលិខិតស្នើសុំ លោក ស សុខា ដែលមានស្នាមមេដៃ របស់ប្រជាពលរដ្ឋ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសរសេរថា៖ «យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ ដែលរស់នៅខេត្តបន្ទាយមានជ័យ មានវិវាទ ទំនាស់ដីធ្លី ជិត ២០ឆ្នាំមកហើយប៉ុន្តែមិនមានអាជ្ញាធរជួយដោះស្រាយនោះទេ»។ក្នុងលិខិតដដែលសរសេរបន្តថា៖ «ជាពិសេសគឺអាណត្តិលោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីមួយចំនួនទៀត មិនអើពើដោះស្រាយបញ្ហាជូនយើងខ្ញុំ បែរជាឃុបឃិតគ្នាឲ្យតំណាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដែលមានលោក ឳក សុផាន រួម ទាំងបក្ខពួក ឃុបឃិតគ្នាដើរធ្វើទុក្ខបុកម្នេញគំរាមសម្លុត និងចាប់ប្រជាពលរដ្ឋដាក់គុកជាហូរហែ ដោយមិនឲ្យយើងខ្ញុំជាប្រជាពលរដ្ឋរស់នៅបានសុខនោះឡើយ»។

មហាជនរងចាំមើលថា ក្រុមការងាររបស់ក្រសួងមហាផ្ទៃ នឹងចុះទៅឆាប់ៗនេះ អាចរកឃើញអ្វីខ្លះ? ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការដឹកនាំរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាពិសេសលោក អ៊ុំ រាត្រី អាចឈរជើងដែរ ឬយ៉ាងណា?៕