2023-07-27 01:07
195

ក្រចេះ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយតំណាងអយ្យកាអមសាលាដំបូងខេត្តក្រចេះ បានចុះឆែកឆេរ ក្នុងដេរប៉ូលក់ និងចែកចាយប្រេងឥន្ធនៈតេលា យីហោ មហាសែនសុខ ស្ថិតត្រង់ចំណុចស្ពានពាមតេ ក្នុងសង្កាត់រកាកណ្ដាល ក្រុង-ខេត្តក្រចេះ រកឃើញរថយន្តសាំយ៉ុង ចំនួន ០២គ្រឿងជាមធ្យោបាយដឹកបទល្មើសព្រៃឈើ និងមានលាក់ទុកឈើប្រណិតជាច្រើនកំណត់។

 ការចុះបង្ក្រាបទីតាំងមានលាក់ទុកបទល្មើសព្រៃឈើខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ។

 សេចក្តីរាយការណ៍បឋម បានឱ្យដឹងថា សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ បានដាក់កម្លាំងធ្វើការតាមដាន និងស៊ើបអង្កេតរហូតកំណត់បានច្បាស់លាស់ស្ថានីយ៍ប្រេងឥន្ធនៈតេលា យីហោ មហាសែនសុខ  ដោយមានការសម្របសម្រួលពីតំណាងអយ្យកាសាលាដំបូងខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចចម្រុះ និងអាជ្ញាធរពាក់ព័ន្ធចុះធ្វើការឆែកឆេ។ សេចក្តីរាយការណ៍ក៏បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានរកឃើញកំណាត់ឈើប្រណិតរាប់រយកំណាត់លាក់ទុកក្នុងឃ្លាំងស្ថានីយ៍ប្រេងឥន្ធនៈតេលានេះ។

 បច្ចុប្បន្ន សមត្ថកិច្ចជំនាញក្រោមការសម្របសម្រួល និងដឹកនាំដោយផ្ទាស់ពីតំណាងអយ្យកាអមសាលាដំបូងខេត្តក្រចេះ កំពុងធ្វើកំណត់ហេតុរឹបអូសវត្ថុតាងពាក់់ព័ន្ធ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់៕