2023-08-11 10:08
212

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ គ្រឿងញៀនចម្រុះប្រភេទ ដែលបង្ក្រាបបានក្នុងខេត្តបន្ទាយមានជ័យនាពេលកន្លងមក ត្រូវអាជ្ញាធររៀបចំដុតបំផ្លាញចោលនៅក្នុងបរិវេនសាកលវិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»

 ពិធីដុតបំផ្លាញថ្នាំញៀននេះ ដោយមានការចូលរួមលោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ខេង ស៊ុម ប្រធានក្រុមព្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូង ប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំងបីប្រភេទ បុគ្គលិកមន្ត្រីរាជការ ភ្ញៀវជាតិ និងអន្តរជាតិ និងមានតំណាងរដ្ឋបាលខេត្តឧត្តមានជ័យ, ប៉ៃលិន និងសិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

 លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កន្លងមកខេត្តបន្ទាយមានជ័យ រឹបអូសថ្នាំញៀនបាន ម្សៅក្រាមសថ្លា (ICE) ,០៨៧.២៣ក្រាម, ថ្នាំគ្រាប់ (WY) ៣១៦.០៦ក្រាម និង១,២០៧គ្រាប់, ថ្នាំញៀនប្រភេទចម្រុះ (ថ្នាំគ្រវី) ៣៣៧.៨ក្រាម, កញ្ឆាក្រៀម៥.៨៦ក្រាម យកមកដុតកំទេចចោលថ្ងៃនេះ។

 ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានលើកឡើងថា ការដុតបំផ្លាញថ្នាំញៀនដែលកម្លាំងជំនាញចាប់បានកន្លងមកនោះ ក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់ ឲ្យកាន់តែសុីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជនជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយផែនការយុទ្ធសាស្រ្ត ផែនការរាល់សកម្មភាព និងវិធានការផ្សេងៗទៀត ពាក់ព័ន្ធការងាប្រយុទ្ធប្រឆាំងគ្រឿងញៀន។

 លោកបានញ្ជាក់ថា គ្រឿងញៀនជាថ្នាំម្យ៉ាងបើជនណាដែលបានជក់គ្រឿងញៀនហើយនោះ ត្រូវជួបនឹងវិបតិ្តយ៉ាងធំ ដូចជាការបាត់បង់ថវិការ ខូចសុខភាព ព្រាត់ប្រាស់មិត្តភ័ក្រម្តាយឪពុក ខូចសុខភាព និងរាងកាយ ខូចសរសៃប្រាសាទ បាត់ការចងចាំ គេចសាលា ប្រើអំពើហិង្សាក្នុងគ្រួសារ និងមិត្តភ័ក្រ នៅទីបញ្ចប់គឺឆ្លងជំងឺគ្រប់មុខស្លាប់ ដោយមិនអាចគេចបានឡើយ។

 លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្សទាំងអស់ សូមចូលរួម និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអ្នក បំផ្លាញគ្រួសារអ្នក បំផ្លាញសង្គមជាតិទាំងមូល ជនណាដែលមានបំណងរកស៊ីគ្រឿងញៀន សូមបញ្ឈប់ជាបន្ទាន់នៅសកម្មភាពខុសច្បាប់ បើអ្នកនៅតែប្រព្រឹត្តអ្នកពិតជាមិនអាចរួចពីសំណាញ់ច្បាប់បានឡើយ៕