2024-03-18 04:03
42

(កំពត)នាថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២៤នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា រដ្ឋបាលខេត្តបានណែនាំឲ្យក្រុមការងារអនុវត្តគម្រោងកែលម្អសោភាពក្រុង ពិសេសតំបន់សួនច្បារមាត់ព្រែក និងឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ(ស្ពានចាស់)និងស្ពានថ្មី សម្រុកធ្វើឲ្យបានរួចរាល់ឆាប់រហ័ស ដើម្បីបើកទទួលស្វាគមន៍ទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ឯកឧត្តមរំពឹងថាក្រុងកំពតនឹងឆក់យកបេះដូងទេសច បន្ទាប់ពីបញ្ចប់គម្រោងទាំងនេះ។ 

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ(ស្ពានចាស់) និងស្ពាន់ថ្មី ការដ្ឋានស្ថាបនារូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់៨ម៉ែត្រ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោតផងដែរ។ 

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រាសាសន៍ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែម នៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ។

ជាពិសេសយ៉ាងណាម៉ិញ ខេត្តកំពត ក្រៅហេដ្ឋារចនានាសម្ព័ន្ធផ្លូវថ្នល់ រដ្ឋបាលខេត្តមានគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ដោយបែងចែកទៅតាមដំណាក់កាលនីមួយៗ ធ្វើឲ្យក្រុងកំពតប្រែមុខមាត់ថ្មី។

រហូតមកបច្ចុប្បន្ន រដ្ឋបាលខេត្តកំពតបាននិងកំពុងខិតខំដុតដៃដុតជើង ក្នុងការសម្រេចគម្រោងពង្រីកសួនកម្សាន្តត្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ឲ្យរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាងមុខ។

ពិសេសរដ្ឋបាលខេត្តក៏កំពុងតែជំរុញឲ្យក្រុមការងារស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ និងស្ពាន់ថ្មីត្រូវចាប់ផ្តើមរៀបចំកែលម្អឲ្យបានស្អាត ហើយបើអាចឲ្យភ្ញៀវទេសចរចូលកម្សាន្តបាន ពេលចូលឆ្នាំថ្មីខាងមុខនេះរិតតែប្រសើរ។ 

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា គម្រោងស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានចាស់ និងស្ពានថ្មីដែលមានប្រវែងជាង៦០០ម៉ែត្រ ត្រូវរៀបចំឲ្យមានផ្លូវ សួនកម្សាន្ត ចំណតរថយន្ត និងឆ្នេរខ្សាច់ងូតទឹកព្រែក និងលេងកីឡាលើទឹកផ្សេងៗ ដោយសារទឹកព្រែកកំពង់បាយស្អាត ជាទឹករស់ មានប្រភពមកពីតំបន់ទំបន់វារីអគ្គីនីកំចាយ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្ថែមថា តំបន់ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានចាស់និងស្ពាន់ថ្មីជាជាបេះដូង នៃក្រុងកំពត ទៅថ្ងៃខាងមុខពេលមានព្រឹត្តិការណ៍ធំៗ នឹងត្រូវរៀបចំនៅទីនេះ ម្យ៉ាងទៀតពេលឆ្នេរនេះស្ថាបនារួចរាល់១០០% ភ្ញៀវទេសចរមកលេងនៅតែក្នុងក្រុងកំពតក៏ស្បាយដែរ ព្រោះមានទូកទេសចរណ៍ មានសួនច្បារមាត់ព្រែកជាង១គីឡូម៉ែត្រសម្រាប់អង្គុយលម្ហែមើលថ្ងៃលិច មានរូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់៨ម៉ែត្រសម្រាប់ថតរូបអនុស្សាវរី  មានឆ្នេរខ្សាច់ងូតទឹកកម្សាន្ត និងសកម្មភាពកីឡាលើទឹកជាដើម។ 

ជាមួយគ្នានោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញក្តីរំពឹងដែរថា សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ទេសចរនឹងមកលេងខេត្តកំពតច្រើនជាងឆ្នាំមុនៗ ខណៈដែលសមិទ្ធផលទេចរណ៍ជាច្រើន បាននិងកំពុងត្រៀមរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តសប្បាយនៅខេត្តកំពតហើយនោះ។(សឹង រ៉ាត់)