2024-01-18 03:01
80

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកនារីម្នាក់ទៀតរងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវលេខ១៣០ ស្ថិតក្នុងភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកHonda dream សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1R-5435 បើកបរដោយឈ្មោះ ធុក កញ្ញា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិរំលិច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ត្រង់ចំណុចខាងលើ បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1KE-7994 អ្នកបើកបរឈ្មោះ ឆិត កុយ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹងបណ្តាលឲ្យឈ្មោះ ឆិត  កុយ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកឈ្មោះ ធុក កញ្ញា រងរបួសធ្ងន់។

សមត្ថកិច្ចបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី   វត្ថុតាងទាំង០២គ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕