2023-08-01 11:08
122


កំពង់ស្ពឺ៖ ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន  ១០៨គ្រួសារ រស់នៅក្នុងឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដើម្បីជួយសម្រាលការលំបាក ជីវភាពប្រចាំថ្ងៃ។


ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង ១០៨គ្រួសារ ទទួលអំណោយសាខាកាកបាតក្រហមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា រួមជាមួយថ្នាក់ដឹកនាំមន្ត្រីសាខា អនុសាខា លោកមេឃុំ មេភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង រស់នៅក្នុង ឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បើទោះបីជាសម្តេចមិនបានអញ្ជើញមកដោយផ្ទាល់ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខពីជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។ ជាពិសេសលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំស្តារជីវភាពគ្រួសារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរួច។
សូមបញ្ជាក់ផងដែរថា គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ០១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, នំធុង ១ធុង ,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល។
ក្នុងនោះឯកឧត្តម ប្រធាន ក៌បានប្រគេនទយ្យទានជូនព្រះសង្ឃក្នុងវត្តត្រែងត្រយឹងនូវ អង្ករ ៥០គីឡូក្រាម, មី ០២កេស, ត្រីខ ២០កំប៉ុង, ប្រេងឆា ០២ដប, ទឹកត្រីទឹកស៉ីអ៉ីវ ២យួ, នំធុង ០២ធុងនិងថវិកា ១០ម៉ឺនរៀលផងដែរ៕