2023-07-06 01:07
307

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់សង្ស័យប្រើថ្នាំញៀនលើសកម្រិតធ្វើឱ្យបែកគំនិតប្រចណ្ឌប្រពន្ធរួចនាំកូនស្រីឡើងលើដើមឈើបម្រុងធ្វើអត្តឃាត តែមិនបានសម្រេចត្រូវប្រពន្ធនិងសមត្ថកិច្ចលួងលោមអោយចុះនៅល្ងាចថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣នៅព្រៃក្បែរមាត់ស្ទឹងទឹកថ្លាស្ថិតក្នុងភូមិសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

សមត្ថកិច្ចប្រាប់ថាៈ បុរសខាងលើមានឈ្មោះ ប៉ែន សន អាយុ៤៤ឆ្នាំចំណែកប្រពន្ធឈ្មោះ តឿន សុផល អាយុ៣៣ឆ្នាំ កូនស្រីអាយុ៦ឆ្នាំដែលរស់នៅភូមិសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

លោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ ក្រោយទទួលព័ត៌មានថា មានបុរសម្នាក់នាំកូនស្រីឡើងលើដើមឈើបម្រុងធ្វើអត្តឃាតសម្លាប់ខ្លួននៅព្រៃក្បែរមាត់ស្ទឹងទឹកថ្លាលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបាននាំកម្លាំងនគរបាល កងរាជអាវុធហត្ថទៅដល់កន្លែងកើតហេតុឃើញបុរសម្នាក់បាននាំកូនស្រីឡើងលើដើមឈើកម្ពស់ប្រមាណពី៤ទៅ៥ម៉ែត្រពនៅនឹងដង្គៀបឈើដែលបម្រុងធ្វើអត្តឃាតដោយលោតឬចងក។

លោកបានបញ្ជាក់ថា៖ លោកបានអោយស្ត្រីជាប្រពន្ធប្រើពាក្យសម្តីលួងលោមដូចជាថា(បងនាំកូនយើងចុះពីដើមឈើមកដីវិញមក អាណិតកូនស្រីគ្នាអត់ដឹងអីទេ ចាំយើងដោះស្រាយគ្នា)។ ក្រោយទទួលការលួងលោមហើយ ប្តីបានចុះមកដល់ដីសមត្តកិច្ចសួរនាំហើយយកទៅធ្វើតេស្តរកឃើញការប្រើប្រាស់គ្រឿងញៀនទើបសុំយោបល់ប្រពន្ធយកទៅដាក់នៅក្នុងមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន។

លោកអធិការបញ្ជាក់ថា៖ តាមការទទួលព័ត៌មានពីប្រពន្ធ បុរសជាប្តីនាំកូនស្រីឡើងទៅលើដើមឈើនៅអំឡុងម៉ោង១រហូតដល់ម៉ោង៤រសៀលទើបដឹងដោយបុរសរូបនេះទូរស័ព្ទទៅប្រាប់ប្រពន្ធអោយមកយកសាកសពនៅលើដើមឈើក្បែរមាត់ស្ទឹងទឹកថ្លា។ ពេលដឹងហើយប្រពន្ធបានរាយការណ៍ជូនសមត្តកិច្ចអោយជួយធ្វើអន្តរាគមន៍ ព្រោះប្តីប្រើប្រាស់គ្រឿងញៀនហើយប្រចណ្ឌប្រពន្ធនាំកូនឡើងដើមឈើគំរាមធ្វើអត្តឃាតលោតឬចងកសម្លាប់ខ្លួន។

ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា៖ ប្តីរបស់គាត់គឺជាប្តីក្រោយដែលបានគ្នារយៈពេលជាង៨ឆ្នាំបានកូនស្រី១អាយុ៦ឆ្នាំនិងមានកូនដើមពេញវ័យ។ នៅពេលដែលម្តាយមិននៅផ្ទះកូនស្រីតែងតែខ្លាចឪពុកចុងមិនហ៊ានចូលផ្ទះ ព្រោះប្តីចុងរបស់គាត់ពេលប្រើប្រាស់គ្រឿងញៀនតែងតែវ៉ៃធ្វើបាបរូបគាត់និងកូន គំរាមហើយប្រចណ្ឌប្រពន្ធដាក់អ្នកនេះអ្នកនោះរហូតដល់ប្រើហិង្សាដាក់ប្រពន្ធនិងកូនស្រីទើបសម្រេចអោយសមត្ថកិច្ចយកទៅដាក់មណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន៕