2024-03-22 05:03
32

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថា កាលពីថ្ងៃម្សិលមិញនេះ ដោយអនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នគរបាលជាតិនៃក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបានចំនួន ៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៩៥នាក់ ចាត់នីតិវិធីតាមច្បាប់បន្ត។ 

 លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា៖ បង្ក្រាបករណីព្រហ្មទណ្ឌបង្ក្រាប បានចំនួន ១១ករណី ឃាត់ខ្លួនបាន ១៣នាក់ (ករណីព្រហ្មទណ្ឌ រួមមាន៖ លួច ០៥ករណី, អំពើហិង្សា ០៤ករណី, រំលោភសេពសន្ថវៈ ០១ករណី និងឆក់ ០១ករណី) ដោយកើតឡើងក្នុង ០៩រាជធានី-ខេត្ត ដូចជា ភ្នំពេញ, ពោធិ៍សាត់, ប៉ៃលិន, កំពង់ស្ពឺ, តាកែវ, ព្រៃវែង, ត្បូងឃ្មុំ, ស្ទឹងត្រែង និងខេត្តបាត់ដំបង។ 

 ចំណែកករណីគ្រឿងញៀនវិញ លោក ទូច សុខៈ បានបន្ថែមថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន ចំនួន ១៩ករណី ឃាត់ខ្លួនបាន ៣៨នាក់ និងរឹបអូសសារធាតុសង្ស័យគ្រឿងញៀន ចំនួន ២គីឡូក្រាម និង១២៦,៩១ក្រាម,នកញ្ឆាក្រៀម០,៥០ក្រាម និងគីមីផ្សំ១៩០,២៤ក្រាម។ 

 ករណីទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ ៨រាជធានី-ខេត្ត និងក៏មានការចូលរួមបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។ ជាលក្ខណៈពិសេសនៅ រាជធានីភ្នំពេញ នគរបាលជាតិបង្ក្រាបការជួញដូរគ្រឿងញៀនបាន ២គីឡូក្រាម និង០,៩៨ក្រាម ដោយឃាត់ខ្លួនជនជាតិចិន ចំនួន ២៦នាក់។ សកម្មភាពក្មេងទំនើងវិញ នគរបាលជាតិ បង្ក្រាបបាន ចំនួន ០៨ករណី ឃាត់ខ្លួន ចំនូន ១៦នាក់។ 

 អ្នកនាំពាក្យរង បញ្ជាក់ថា នៅរាជធានីភ្នំពេញចំនួន ០៦ករណី ឃាត់ខ្លួន ១២នាក់ ខេត្តកណ្ដាល ០១ករណី ឃាត់ខ្លួន ០៣នាក់ និងខេត្តត្បូងឃ្មុំ ០១ករណី ឃាត់ខ្លួន ០១នាក់។ 

 នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តកំពតចំនួន ០១ករណី ឃាត់ខ្លួន ០១នាក់ ប៉ុន្តែមិនកសាងសំណុំរឿងទៅតុលាការទេ ត្រឹមចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តិ។

 ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍ «សម្អាតផ្ទះយើង» របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕