2023-12-11 06:12
204

ភ្នំពេញ ៖ មន្ត្រីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយជនសង្ស័យបើករថយន្តម៉ាក TOYOTA PRIUS បុក បុរសជិះម៉ូតូម្នាក់ ស្លាប់ នៅរង្វង់មូលកោះពេជ្រ បានហើយ និងគាំទ្រការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនបាន ។ 
   សូមបញ្ជាក់ថា ៖ អនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យម្នាក់ដែលបានបើករថយន្តម៉ាក TOYOTA PRIUS បង្ក បុក បុរសម្នាក់ជិះម៉ូតូបណ្តាលឱ្យ ស្លាប់ នៅចំណុចរង្វង់មូលកោះពេជ្រ វិថីសួនច្បារ ប្រសព្វវិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
   សមត្ថកិច្ចបញ្ជាក់ថា៖ ជនសង្ស័យ និងវត្ថុតាងនាំមកការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធី។ ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ក្រោមការដឹកនាំស្រាវជ្រាវដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលនគរបាលចរាចរណ៍ផ្លូវគោក។
   លោកវរសេនីយ៍ឯក សែម រតនា ស្នងការរង បានប្រាប់ឱ្យដឹងថា៖ ករណីរថយន្តម៉ាក TOYOTA PRIUS ពណ៌ស មិនស្គាល់ផ្លាកលេខបង្កគ្រោះថ្នាក់ចរាចណ៍ខាងលើគឺកម្លាំងជំនាញបានខិតខំយកចិត្តទុកដាក់បំផុតធ្វើការស្រាវជ្រាវតាមមុខសញ្ញាជាប្រចាំ តាមរយៈកាមេរ៉ាសុវត្ថិភាពហើយការស្រាវជ្រាវចំណាយពេលជាច្រើនថ្ងៃឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ ក្រោមការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ។
              ជនសង្ស័យឈ្មោះ លី ថាដារ៉ាវិ ភេទប្រុស មុខរបរនៅផ្ទះ បច្ចុប្បន្នរស់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
បើតាមចម្លើយសារភាពជនសង្ស័យគឺមុនពេលកើតហេតុរូបគេបានផឹកស្រាបៀរអស់០៨កំប៉ុងនៅផ្ទះបងធម៌ ក្នុងបុរីសម្បត្តិមានហេង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលមានគ្នា០៧នាក់ លុះការផឹកស៊ីរហូតដល់៤ទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក៏ខ្ចីរថយន្តបងធម៌ម៉ាក TOYOTA PRIUS ពណ៌ស ថាមកផ្ទះ ក្នុងនោះមានមិត្តភក្តិម្នាក់សុំមកជាមួយផងដែរ។ ប៉ុន្តែពួកគេមិនបានចូលផ្ទះនោះទេ ក៏បើករថយន្តមកផឹកបន្តនៅម្តុំវិមានឯករាជ្យអស់ស្រាបៀរមួយយួរទៀត។ បន្ទាប់មក មិត្តភក្តិម្នាក់ក៏សុំទៅផ្ទះមុន។លុះដល់វេលាម៉ោង៤និង៥០នាទី ខែ ឆ្នាំដដែល ក៏មានមិត្តភក្តិតេទូរស័ព្ទមកខ្លួនឱ្យជួយថាមានទំនាស់គ្នានៅកោះនរា រូបគេក៏បើករថយន្តយ៉ាងលឿនដើម្បីទៅជួយមិត្តភក្តិ ហើយក៏ដល់កន្លែងកើតហេតុបើកបញ្ច្រាសទិសរង្វង់មូលបានបុកម៉ូតូជនរងគ្រោះតែម្តង នៅពេលនោះរូបគេក៏បើករថយន្តគេចខ្លួនតែម្តង។
       ជនសង្ស័យនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា៖ កាលពីទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ។ រថយន្ត ធ្វើដំណើរតាមបណ្ដោយវិថីកោះពេជ្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបញ្រ្ចាសទិសចរាចរណ៍ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ក្រហម គ្មានផ្លាកលេខ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង អ្នកបើករថយន្ដបើករត់គេចចេញពីកន្លែងកើតហេតុ។ ចំណែកអ្នកបើកម៉ូតូបានបាត់បង់ជីវិត ដែលមានឈ្មោះ ចាន់ ផេងលាង ភេទប្រុស រស់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
   មូលហេតុគ្រោះថ្នាក់ ៖ អ្នកបើកបររថយន្ត បើកបញ្រ្ចាសទិសរង្វង់មូលល្បឿនលឿន រួចបើករថយន្ដរត់គេចពីកន្លែងកើតហេតុ៕