2023-04-07 08:04
425

សៀមរាប៖ ជុំវិញករណីអំពើឃាតកម្មដ៏សាហាវបំផុត នៅក្រុងសៀមរាម ដែលអតីតប្តីបាញ់សម្លាប់ប្រពន្ធ ប្អូនថ្លៃប្រុស បងថ្លៃស្រី រួចបញ្ចប់ជីវិតបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់នោះ គិតត្រឹមល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្តសៀមរាប និងទាន់ហ៊ានសន្តិដ្ឋាន ផ្តើមឡើងដោយមូលហេតុអ្វីឱ្យពិតប្រាកដនៅឡើយទេ ប៉ុន្តែមជ្ឈដ្ឋានខាងក្រៅបានដាក់ការសង្ស័យថា អាចបណ្តាលមកពីការរឿងទំនាស់ផ្ទៃក្នុងគ្រួសារ រហូតដល់ឈ្លោះលេងលះគ្នា តាមផ្លូវតុលាការ និងចែកទ្រព្យសម្បត្តិមិនស្មើរ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងករណីបាញ់ប្រហារគួរឱ្យរន្ធត់នេះបណ្តាលឱ្យជនរងគ្រោះរង ចំនួន០២នាក់ស្លាប់ ត្រូវជាអតីតប្រពន្ធ និងប្អូនថ្លៃប្រុស និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។ ចំណែកជនល្មើសបន្ទាប់ពីធ្វើសកម្មភាព និងបានបាញ់សម្លាប់ខ្លួនពីក្រោមទៅធ្លាយទៅលើមិនទាន់ស្លាប់ទេ កំពុងសង្គ្រោះដោយដាក់ខ្នោះដៃជាប់នឹងគ្រែពេទ្យ ហើយសមត្ថកិច្ចកំពុងយាមកាមផងដែរ។

លោកឧត្តមសេនីយទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់ MSJ TV នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ចំពោះមូលហេតុអ្វីឱ្យពិតប្រាកដ ក្នុងករណីអតីតប្តីបាញ់សម្លាប់ប្រពន្ធ និងសាច់ញាតិខាងប្រពន្ធ «យើងអត់ទាន់ដឹងពីទេ គឺកំពុងតែស្រាវជ្រាវរកមូលហេតុ ប៉ុន្តែអ្វីដែលយើងបានដឹងនោះគាត់បានប្រព្រឹត្តអញ្ចឹងមែន។ ពេលនេះយើងកំពុងតែស្រាវជ្រាវថា មូលហេតុអ្វីបានជាគាត់ឈានដល់ការបាញ់សម្លាប់ប្រពន្ធ បាញ់ប្អូនថ្លៃហើយនឹងបាញ់បងថ្លៃនោះទេ»។  

សូមរំឭកថា អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃមួយ ដែលបង្កឡើងដោយជនល្មើសជាអតីតប្តីបាញ់សម្លាប់អតីតប្រពន្ធដែលទើបនឹងលេងលះគ្នា ប្អូនថ្លៃប្រុស បងថ្លៃស្រី រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតនៅទីតាំងផ្សេងៗគ្នា គឺ ទី១- បាញ់ទៅលើអតីតប្អូនថ្លៃប្រុសស្លាប់នៅក្នុងផ្ទះបន្ទប់ជាន់ទី១ ,ទី២- បាញ់ទៅលើអតីតប្រពន្ធនៅផ្សារលើ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងទី៣- បាញ់ទៅលើបងថ្លៃស្រី និងបន្ទាប់ព្រមទាំងបាញ់ខ្លួនឯងបណ្តាលឱ្យរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

តាមមន្ត្រីជំនាញបានឱ្យដឹងថា ជនល្មើសមានឈ្មោះ ថា លៀងហៃ ហៅអាផ្នូក ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរជាអ្នកលក់បន្លែ មានស្រុកកំណើត នៅខេត្តកំពង់ចាម បច្ចុប្បន្ន រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបរបួសធ្ងន់។ ចំណែកជនរងគ្រោះអតីតប្រពន្ធមានឈ្មោះ យ៉ង់ ផល្លី អាយុ ៤២ឆ្នាំ ស្លាប់មាន ចំនួន០២នាក់ ,ឈ្មោះ យ៉ង់ មុំ អាយុ ៤៧ឆ្នាំ មុខរបរ លក់បន្លែ បងស្រីបង្កើតស្ត្រីរងគ្រោះរងរបួសធ្ងន់ និងឈ្មោះ ហាក់ ណារ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ លក់បន្លែបោះដុំស្លាប់ មានស្រុកកំណើតស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្ន រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

នគរបាលបញ្ជាក់ថា សពជនរងគ្រោះទាំង០២នាក់បងប្អូនត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញរៀបចំប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ជនរងគ្រោះត្រូវជាបងស្រីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកជនដៃដល់ត្រូវជាអតីតប្តីត្រូវបានសមត្ថកិច្ចវាយខ្នោះជាប់នឹងគ្រែ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងយាមកាមយ៉ាងតឹងរឹងបំផុត៕