2023-12-21 04:12
154

ខេត្តកំពង់ស្ពឺ៖ បង្គោលភ្លើងរបស់រដ្ឋ១ដើមបានរងការបាក់ខ្ទេច ដោយសារតែរថយន្តព្រូស( Prius)១គ្រឿង សង្ស័យតៃកុងរថយន្តស្ទើរភ្លើងបើកបោះពួយយ៉ាងលឿនជ្រុលទៅឡើងលើឃឿនពុះចែកទ្រូងផ្លូវ ពេញទំហឹងសំណាងល្អមិនមានអ្នកធ្វើដំណើររងរបួស។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅមុខស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលបានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយរថយន្ដ១គ្រឿង ម៉ាកព្រូស( Prius )ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-2970 បើកបរដោយឈ្មោះ នុត សារ៉ាត់ ភេទប្រុស អាយុជិត៣០ឆ្នាំ( មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជនមួយក្នុងខេត្តកំពង់ស្ពឺ)។

នគរបាលបានបន្តថា នៅមុនពេលកើតហេតុតៃកុងរថយន្តខាងលើបានបេីកបរ តាមផ្លូវមុខស្នងការនគរបាលខេត្តកំពង់ស្ពឺ ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង ហើយបោះពួយយ៉ាងលឿនរួចជ្រុលចង្កូតឡើងឃឿនពុះចែកទ្រូងផ្លូវនៅចំណុច ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ក្នុងករណីចរាចរណ៍ខាងលើមិនបណ្តាលឱ្យរងរបួសមនុស្ស ប៉ុន្តែបំផ្លាញទ្រព្យសម្បត្តិ បង្គោលភ្លើងសាធារណៈនៅដងផ្លូវមួយដើម ឃឿនផ្លូវ ដើមឈើ ។ 
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានអន្ដរាគមន៍ និងបានយករថយន្ដខាងលើមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕