2023-06-30 06:06
148

 

ខេត្តកែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានរំលឹកណែនាំបន្ថែមពីការងារក្តាប់សភាពការណ៍ បង្ការទប់ស្កាត់ការបំផុសប៉ុនប៉ងបង្កចលាចល អសន្តិសុខសង្គម បំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត ដោយបានសង្កត់ធ្ងន់ត្រូវធានាឱ្យបានដាច់ខាត ដំណើរនៃក្បួនព្យុះហយាត្រាបើកការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យប្រព្រឹត្តទៅបានដោយរលូន ស្ថិតក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហឹង្សា គ្មានការគំរាមកំហែង។ 


ការថ្លែងបែបនេះរបស់លោកស្នងការ នាឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃសុក្រទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលមានលោក លោកស្រីស្នងការរង អង្គភាព អញ្ជើញជាគណៈអធិបតី និងនាយ នាយរងការិយាល័យ អធិការ អធិការរងក្រុង ស្រុក គ្រូឧទ្ទេស និងសិក្ខាកាម សរុបចំនួន៨៤នាក់ ចូលរួមផងដែរ។
បន្ទាប់ពីពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្តាប់របាយការណ៍បញ្ចប់វគ្គសិក្សា ការផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់យុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០២៣ ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងជូនថវិកា ចំនួន២,១០០,០០០រៀល ដល់គ្រូឧទ្ទេស សិក្ខាកាម និងអ្នករៀបចំពិធី រួចមក។
ឱកាសនេះ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ ដោយអបអរសាទរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់សិក្សាបញ្ចប់វគ្គដោយជោគជ័យ និងត្រូវយកចំណេះដឹងទាំងនេះយកទៅបំពេញភារកិច្ចនៅមូលដ្ឋានឲ្យចំគោលដៅ ដោយគោរពវិន័យប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ គឺត្រូវគោរព និងអនុវត្តដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ រួសរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋ និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយត្រូវមានអាកប្បកិរិយាសុភាពរាបសារ ស្លូតបូត ទន់ភ្លន់ ថ្លៃថ្នូរ តែម៉ឺងម៉ាត់ក្នុងការងារ៕