2023-10-05 06:10
204

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី» ដល់ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាល។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ថ្លែងក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានលើកឡើងថា ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងបន្ថែមជំនាញទន់លើផ្នែកភាពជាអ្នកដឹកនាំ ដល់នគរបាលនារី ខណៈដែលជាឱកាសបានជួបគ្នាផ្ទាល់ ត្រូវចាប់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទទួលបានពីការចែករំលែកក្នុងវគ្គ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រីអគ្គស្នងការរង បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីផ្ចង់ស្មារតីត្រង់ត្រាប់ស្តាប់ការពន្យល់បកស្រាយ អំពីខ្លឹមសារមេរៀន និងត្រូវក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ទាំងនោះ ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយលោកស្រីសង្ឃឹមថា អ្នកចូលរួមនឹងយកមេរៀននេះទៅអនុវត្តក្នុងការងារកាន់តែមានប្រសិទ្ធភាពលើការងារដឹកនាំបញ្ជ្រាបយេនឌ័ររបស់នាយកដ្ឋាន-អង្គភាព នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តក្នុងគ្រួសារ និងក្នុងសង្គម។

លោកស្រីឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា បានបន្តថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្ដពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមនឹងមុំទី១ នៃបញ្ចកោណទី៤ ការលើកកម្ពស់សមភាពយេនឌ័រឲ្យស្របទៅនឹងសភាពការណ៍រីកចម្រើនក្នុងសង្គមជាតិ និងដើម្បីឲ្យកងកម្លាំងនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មានការយល់ដឹងកាន់តែច្បាស់ និងមានទស្សនៈថ្មីៗ ក្នុងការផ្តល់សិទ្ធិអំណាចរវាងភេទ និងការងារឲ្យបានសមស្រប។

ដោយផ្អែកលើតម្រូវការចាំបាច់ក្នុងការបង្កើនសមត្ថភាព ចំណេះដឹងយេនឌ័រ ទើបក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល០២ថ្ងៃ ដើម្បីឲ្យសិក្ខាកាមបានយល់នូវអ្វី ដែលជាការកំណត់ភាពអង់អាចក្លាហានរបស់នគរបាលនារី ដើម្បីអាចកំណត់បាននូវបញ្ហាប្រឈមថ្មីៗនានា ក្នុងការលើកសំណូមពរដល់ថ្នាក់ដឹកនាំធ្វើការកែសម្រួលគោលនយោបាយ ផែនការកម្មវិធីនានា ក្នុងគោលបំណងការពារផលប្រយោជន៍របស់នគរបាលជានារី។ លើសពីនេះ ក៏ជាឱកាសដល់អ្នកចូលរួមធ្វើការឆ្លុះបញ្ចាំងភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន សមត្ថភាពបំពេញការងារ និងពីផែនការលូតលាស់ក្នុងអាជីពការងារ និងរៀបចំផែនការសកម្មភាពរយៈពេល៥ឆ្នាំខាងមុខ។

ក្នុងឱកាសនោះ លោកស្រី ប៉ែន បុប្ផា នាយិការមជ្ឈមណ្ឌលឫទ្ធិពល បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី» ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគបាលជាតិ មានគោលបំណង៖ ១៖ពង្រឹងទំនុកចិត្តនិងភាពជឿជាក់លើខ្លួនឯង, ២៖ពង្រឹងភាពជាអ្នកដឹកនាំ និងគោលដៅជីវិតក្នុងការបន្តរីកចម្រើននៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ, ៣៖បង្កើនប្រសិទ្ធភាព ក្នុងការបំពេញការងារ និងជំនាញការគ្រប់គ្រងចាត់ចែងការងារ និង៤៖ជំរុញលើកទឹកចិត្តខ្លួនឯង និងការប្រកាន់ខ្ជាប់នូវអត្តចរិកជាអ្នកផ្តល់សេវាសាធារណៈដ៏ល្អ៕