2024-01-28 10:01
93

បន្ទាយមានជ័យ៖ កូនប្រសារល្មោភកាមបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈម្តាយក្មេងបានសម្រេច ខណៈប្រពន្ធប្រើឱ្យទៅឌុបម្តាយពីផ្ទះរបស់ក្មួយដើម្បីយកមកលេងផ្ទះហើយដឹកបន្តទៅដល់ផ្ទះរបស់ខ្លួនដូចគ្មានរឿងអ្វីកើតឡើង ប៉ុន្តែត្រូវម្តាយក្មេកប្រាប់រឿងហេតុឱ្យកូនស្រីដឹង ក៏ប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឱ្យឃាត់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់ ។
   លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន ជនរងគ្រោះមានឈ្មោះ ឡ.ល ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅ ភូមិអូរបាក់ត្រា ឃុំស្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានមកដាក់ពាក្យបណ្តឹងដោយចោទប្រកាន់កូនប្រសារ ឈ្មោះ ប៉ែន ចាន់នី ពីបទៈ «រំលោភសេពសន្ថវៈ» បានសម្រចសម្រេច ខណៈពេលកូនប្រសារយង់ឃ្នងរូបនេះ បានជិះម៉ូតូឌុបគាត់ចេញពីផ្ទះរបស់ក្មួយស្រីថាមកលេងផ្ទះរបស់គេ ប៉ុន្តដល់កន្លែងស្ងាត់ក៏ធ្វើសកម្មភាពចាប់រំលោភយ៉ាងសាហាវព្រៃផ្សៃ រួចបន្តឌុបទៅដល់ផ្ទះរបស់ខ្លួនធ្វើប្រងើយដូចគ្មានរឿងអ្វីទាំងអស់ ។
   ស្ត្រីជនរងគ្រោះដោយកូនប្រសារអប្រិយ៍ ចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច បានរៀបរាប់ថា គាត់បាននាំចៅពីខេត្តពោធិ៍សាត់មកលេងជាមួយម្ដាយវាមកស្នាក់នៅ និងធ្វើការងារនៅក្រុងប៉ោយប៉ែត ជាពិសេសដើម្បីរកការងារធ្វើខ្លួនផងដែរ ។ ស្ត្រីរងគ្រោះបន្តទៀតថា ពេលមកដល់ក្រុងប៉ោយប៉ែត បានទៅស្នាក់នៅផ្ទះរបស់ក្មួយស្រីនៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
    តាមស្ត្រីរងគ្រោះដោយកូនប្រសារចាប់រំលោភ បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កូនស្រីរបស់គាត់បានទូរសព្ទមកប្រាប់គាត់ថា «នាងបានប្រើប្តីយកម៉ូតូទៅឌុបខ្លួនជាម្តាយក្មេកយកទៅលេងផ្ទះរបស់ខ្លួន ពេលដឹកចេញពីផ្ទះក្មួយមកដល់ចំណុច ចំការស្វាយមួយកន្លែងជាកន្លែងស្ងាត់ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កូនប្រសារបានឈប់ម៉ូតូរួចធ្វើសកម្មភាពចាប់រំលោភគាត់ជាម្តាយក្មេកទាំងកំរោលរហូតបានសម្រេចតែម្ដង» ។
   បន្ទាប់ពីរំលោភម្តាយក្មេករួចរាល់ ជនសង្ស័យបានឌុបបន្តមកផ្ទះខ្លួនយ៉ាងរំភើយ មិននឹងស្មានម្តាយក្មេកហ៊ានប្តឹងនោះទេ ប៉ុន្តែពេលជួបកូនស្រីបង្កើតបាននរៀបរាប់ប្រាប់ពីដំណើររឿងហេតុ ទើបព្រឹកឡើងបានដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឱ្យចាប់ខ្លួនតែម្តង ។ 
   លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងហើយលោកដឹកនាំកម្លាំងអាវុធហត្ថទៅចាប់ជនសង្ស័យឈ្មោះ ប៉ែន ចាន់នី ហៅម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករសំណង់   រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ។
   ជនសង្ស័យបានឆ្លើយសារសារភាពថា «រូបខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើម្ដាយក្មេកបានសម្រេចពិតប្រាកដមែន» ដោយផ្នែកតាមពាក្យបណ្តឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។ 
   លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕