2024-03-27 04:03
31

កោះកុង ÷ អាជ្ញាធរខេត្តកោះកុង បានដាក់ ឱសានវាទ ១សប្តាហ៍ ដល់អាជីវករលក់ដូរ និងអ្នកពាក់ព័ន្ធមួយចំនួន អោយរុះរើ រាល់សម្ភារៈ និងទំនិញ ដែលដាក់លក់ដូរ នៅលើចិញ្ចើមផ្លូវសាធារណៈ បើមិនព្រមអនុវត្តទេ អាជ្ញាធរ និងប្រើវិធានការក្តៅ ចុះរុះរើ រួមទាំងដកហូតសម្ភារៈ និងទំនិញនានាយកមករក្សាទុកនៅសាលាក្រុង ដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់ ។

វិធានការនេះ ត្រូវបានធ្វើឡើង ក្រោយកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំសណ្តាប់ធ្នាប់ទីក្រុងស្អាត និង រមណីយដ្ឋានស្អាត ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ ដែលដឹកនាំ ដោយលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកោះកុង ។

បើតាមការលើកឡើងពី អភិបាលរងខេត្តកោះកុង លោក ហាក់ ឡេង បានបញ្ជាក់ថា កន្លងមកអាជ្ញាធរក្រុងខេមរភូមិន្ទ បានចុះណែនាំជាបន្តបន្ទាប់ដល់បងប្អូនអាជីវករ និងបុគ្គលពាក់ព័ន្ធ ដែលបានយកចំណីផ្លូវសាធារណៈ មកប្រើប្រាស់ និងតាំងលក់ទំនិញរបស់ខ្លួនអោយរុះរើ និងរៀបចំអោយមានសណ្តាប់ធ្នាប់ តែក្រុមអាជីវករលក់ដូរ មួយចំនួន ហាក់ពុំព្រមស្តាប់ការណែនាំ និងសហការ ជាមួយខាងអាជ្ញាធរទាល់តែសោះ ។

លោកអភិបាលរង បានបញ្ជាក់បន្ថែមទៀតថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវសាធារណៈ អោយមានសោភ័ណភាព និងដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ អោយមានសក្តានុពល ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងដំណើរកំសាន្ត លើទឹកដីខេត្តកោះកុង អាជ្ញាធរសម្រេចធ្វើការចុះណែនាំដល់អាជីវករ ដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ អោយរុះរើទំនិញនានាចេញពីលើចំណីផ្លូវសាធារណៈ ដោយសម្រេចទុកឱសានវាទ ត្រឹម១សប្តាហ៍ បើអាជីវករ ឬបុគ្គលពាក់ព័ន្ធរូបណាមិនព្រមសហការ និងអនុវត្តតាមការណែនាំ អាជ្ញាធរ និងប្រើវិធានការក្តៅ ចុះរុះរើ និងដកហូតសម្ភារៈ យកទៅរក្សាទុកនៅសាលាក្រុង រងចាំការដោះស្រាយ តាមផ្លូវច្បាប់ ហើយខាងអាជ្ញាធរ នៅតែបន្តចុះត្រួតពិនិត្យជាបន្តបន្ទាប់ ដោយខាងគណៈកម្មាធិការចម្រុះ សម្រេចវាស់វែងពីចិញ្ចឹមផ្លូវ១ម៉ែត្រ២តឹក ៕