2023-06-28 05:06
476

ភ្នំពេញ​ ៖​ បុរសម្នាក់ដែលជាមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានធ្វើអត្តឃាតយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង​ កាលពីវេលាម៉ោង២០:៣០នាទីយប់​ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ២៤៤ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា​ ជនរងគ្រោះ(សព) ឈ្មោះ អេង សុខរី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនគរបាល ឋានន្តរស័ក្តិ ព្រិន្ទបាលឯក អត្តលេខ ៨៨៧៦៩ (មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ) ស្លាប់នៅនឹងកន្លែងកើតហេតុ។ 

    ចំណែកវត្ថុតាងបន្សល់ទុក: កាំភ្លើងខ្លី ម៉ាកLock19AustriaលេខK4YKZG1YS01-2101989 ចំនួន០១ដើម,​ បង់កាំភ្លើងចំនួន០១មានគ្រាប់ចំនួន៦, ស្រោមកាំភ្លើងចំនួន០១ ,សំបកគ្រាប់ចំនួន០២, ក្បាលគ្រាប់ក្រពឹតចំនួន០១ និងគ្រាប់កាំភ្លើងចំនួន០១។​ ដោយមានស្លាកស្នាមបន្សល់ទុក: ស្នាមគ្រាប់ចូលទៅសៀតផ្កាខាងស្តាំធ្លាយចេញមកសៀតផ្កាខាងឆ្វេង និងស្នាមអារដៃចាស់នៅកំភួនដៃឆ្វេងចំនួន៣កន្លែង។ 

    សមត្ថកិច្ចបានបញ្ចាក់ឱ្យដឹងថា​ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះឈ្មោះ អេង សុខរី ភេទប្រុស អាយុ២៥ឆ្នាំ បានជិះម៉ូតូចេញពីផ្ទះតែមិនដឹងថាទៅណាទេ រហូតដល់វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះក៏ត្រលប់មកដល់ផ្ទះវិញ បានមួយភ្លែតក៏ជិះម៉ូតូចេញទៅវិញបាត់ទៅ។ លុះដល់វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញម្តងទៀតដោយមានស្ថានភាពស្រវឹង រួចជនរងគ្រោះក៏បានហៅឲ្យប្អូនស្រីបង្កើតឈ្មោះ អេង កែវសុរី អាយុ២០ឆ្នាំ(ពិការផ្នែកសតិបញ្ញា) ដែលកំពុងនៅលេងមុខផ្ទះឱ្យចូលក្នុងផ្ទះ តែប្អូនស្រីមិនស្តាប់ ទើបជនរងគ្រោះដើរទៅយកកាំភ្លើងខ្លីម៉ាកLock19AustriaលេខK4YKZG1YS01-2101989 នៅក្នុងបន្ទប់គេងរបស់ខ្លួន(ជនរងគ្រោះ) យកមកបាញ់ឡើងលើចំនួន០១គ្រាប់ និងបាញ់ចុះក្រោមចំនួន០១គ្រាប់នៅក្នុងបរិវេណផ្ទះ ហើយជនរងគ្រោះក៏ដើរចូលទៅក្នុងបន្ទប់គេងវិញយកកាំភ្លើងភ្ជង់ក្បាលខ្លួនឯង ហើយឈ្មោះ អេង សុភា ភេទប្រុស អាយុ៥៤ឆ្នាំត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះក៏ដើរទៅឃាត់និងលួងលោមឱ្យជនរងគ្រោះដាក់កាំភ្លើងចុះ តែជនរងគ្រោះមិនស្តាប់និងមិនឆ្លើយតបឡើយ រួចជនរងគ្រោះក៏បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងចំនួន០១គ្រាប់ទៀតចំស្នៀតផ្កាខាងស្តាំធ្លាយចេញមកស្នៀតផ្កាខាងឆ្វេងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

     បេីតាមការសន្និដ្ឋានវាយតម្លៃជុំវិញកន្លែងកើតហេតុ និងការធ្វើកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះស្លាប់ដោយត្រូវគ្រាប់កាំភ្លើង (អត្តឃាតបាញ់សម្លាប់ខ្លួនឯង)។

    បច្ចុប្បន្ននេះ​ សពប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុ​ ៕