2023-12-11 06:12
98

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងមុខងារសាធារណ: ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នៅសាលសន្និសីទបាយ័ន ។ 
   លោក កែប ជុតិមា បានបញ្ជាក់ជូនក្រសួងមុខងារសាធារណ:ថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងសំខាន់គឺដើម្បីឈ្វេងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៤ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព។ 
   ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីសារៈសំខាន់នៃវិស័យមុខងារសាធារណៈ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អាទិភាពលើវិស័យនេះ ដោយបានដាក់បញ្ចូលការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ ក្រោមការដឹកនាំ   ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ គោលដៅ យុទ្ធសាស្ត្រដែលពាក់ព័ន្ធផ្ទាល់នឹងវិស័យមុខងារសាធារណៈគឺការបន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ 
    ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបគណៈកម្មការរដ្ឋសភាបន្តទៀតថា ការពង្រឹង និងការកែទម្រង់ស្ថាប័ន ការរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាសម្រាប់ដំណើរការយន្តការ ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការពិនិត្យឡើងវិញ និងការរៀបចំរចនាសម្ព័ន្ធអង្គភាព និងយន្តការប្រតិបត្តិរបស់ក្រសួងមុខងារសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ 
    លោករដ្ឋមន្រ្តីបន្តថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងតាមរយៈព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ ក៏ត្រូវបានប្រគល់តួនាទីបន្ថែមជាលេខាធិការដ្ឋានឱ្យ គណៈកម្មាធិការជាតិ ដើម្បីធានាការអនុវត្តនូវការងារជាសារវន្តចំនួន៣ ឈានទៅសម្រេចនូវចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈតាមរយៈ ១.ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ២.ការលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ និង ៣.ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។ ក្នុងនោះការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារនៅក្នុងវិស័យមុខងារសាធារណៈ សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ការសម្រេចបាននូវគោលដៅ នៃមុំយុទ្ធសាស្ត្របញ្ចកោណនេះ អាស្រ័យដោយផ្ទាល់ទៅនឹងការសម្រេចបាននូវការអនុវត្តវិធានការគន្លឹះ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នោះគឺ៖ ទី១. ការដាក់ឱ្យអនុវត្ត ប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ទី២. ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និងទី៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ 
    ក្រោយពីស្តាប់នូវការលើកឡើងរដ្ឋមន្រ្តីរួចមក លោក កែប ជុតិមា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងមុខងារសាធារណៈ និងគណៈកម្មការរដ្ឋសភា ក្នុងអាណត្តិកន្លងមក ហើយឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិថ្មីទី៧នេះ ក្រសួងមុខងារសាធារណ: ដែលមាន លោក ហ៊ុន ម៉ានី ជារដ្ឋមន្រ្តី នឹងសម្រេចបានលទ្ធផលបន្តបន្ទាប់ទៀតជូនជាតិ និងប្រជាពលរដ្ឋ៕