2023-05-04 12:05
635


ព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះអគារ «ឃ្វីនកូ» ក្នុងក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ដោយមិនទាន់ដឹងមូលហេតុហើយករណីសមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការអន្តរាគមន៍បាញ់ពន្លត់។


អគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅបន្ទប់ខាងក្រោមអាគារ «ឃ្វីនកូ» ក្នុងក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចចម្រុះផ្នែកពន្លត់អគ្គិភ័យពន្លត់គ្រប់អង្គភាពពាក់ព័ន្ធបានចេញប្រតិបត្តិបាញ់ទឹកពន្លត់ និងទប់ស្កាត់ដើម្បីកុំឱ្យឆេះរាលដាលបន្តទៀត។
បើតាមសេចក្តីរាយការណ៍បឋម របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា ចំពោះករណីអគ្គិភ័យនេះមិនដឹងមូលហេតុច្បាស់លាស់នៅឡើងទេ។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្នុងហេតុការណ៍នេះដែរ ក៏មិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា គិតត្រឹមម៉ោង ១០និង៥០នាទី ថ្ងៃទី០៤ ខែឧសភានេះ ស្ថានភាពអគ្គិភ័យត្រូវបានក្រុមជួយសង្គ្រោះអគ្គិភ័យគ្រប់គ្រងបានហើយ និងកំពុងបន្តបាញ់ទឹកដើម្បីពន្លត់ភ្លើងទាំងស្រុង។ ពាក់ព័ន្ធមូលហេតុសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកមូលហេតុផងដែរ៕