2023-10-16 04:10
312

 នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបីមន្រ្តីរាជការយុវជនកាកបាទក្រហម បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ ដែលពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះប្រារព្ធធ្វឡើងនៅ វត្តឥសាន្តរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតនៅក្រុងបានលុង។ 

 ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន ព្រមទាំងអ្នកចូលរួមបានធ្វើការគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីតបស្នងនូវ ព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលក្រៃលែង ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។ 

 ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីបានសម្ដែងនូវទឹកចិត្ត ពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ និងស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការយាងចូលព្រះទីវង្គតរបស់ព្រះ ករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ 

 សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១និង២០នាទីយប់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនក្នុងព្រះជន្មាយុ៩០ព្រះវស្សា៕