2023-10-24 12:10
353

ភ្នំពេញ ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺមករើសអេតចាយ ពីក្រោយពេញទំហឹងប៉ើងទៅមុខក្រឡាប់ផ្ងារជើង បណ្តាលឲ្យអ្នកបើករ៉ឺម៉ករងរបួសធ្ងន់ បានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញបុរសម្នាក់ បានបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ បុរសរងគ្រោះក៏បានឈប់រ៉ឺម៉កដើម្បីរើសសំបកកំប៉ុង ដបទឹកសុទ្ធ ពេលចុះទៅរើស ស្រាប់តែមាននារីម្នាក់បើករថយន្តម៉ាក lamborghini ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2BC-5555 បើកមកពីក្រោយ ស្របគ្នាយ៉ាងលឿន ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង ពេលបើកមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹង ប៉ើងក្រឡាប់ផ្ទប់ក្បែរសំយ៉ាបផ្ទះប្រជាពលរដ្ឋ ចំណែកបុរសជាអ្នករើសអេតចាយវិញ បានរងរបួសធ្ងន់ ដេកដួលនៅហ្នឹងកន្លែងពេលនោះដែរ ក៏មានកង់បីមួយគ្រឿង បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ចំណែកនារីជាអ្នកបើករថយន្តបានខលហៅអង្គរក្សយករថយន្តមួយគ្រឿងទៀត មកដឹកគេចខ្លួនចេញពីកន្លែងកើតហេតុ ហើយក៏មានអង្គរក្សដោះស្លាកលេខរថយន្តចេញ ហើយបើករថយន្តបង្កគេចខ្លួនទៅតាមក្រោយ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់វាស់វែង យករ៉ឺម៉កជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ហើយភាគីខាងរថយន្តក៏បានទៅដោះស្រាយជាមួយជនរងគ្រោះ នៅឯមន្ទីរពេទ្យឯកជនមួយកន្លែងដើម្បីបញ្ចប់រឿង៕