2024-01-15 06:01
85

ខេត្តកំពង់ស្ពឺ៖ ការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើបានកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃទទឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
    មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យឃាត់ខ្លួនជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២៣កញ្ចប់ខណៈដែលមុខសញ្ញាខាងលើកំពុងចរាចរណ៍គ្រឿងញៀនហើយកម្លាំងនគរបាលល្បាតប្រទះឃើញ។
    នគរបាលក្រុងឧដុង្គម៉ែជ័យបាននិយាយឱ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ដែលនគរបាលឃាត់ខ្លួនបានមានឈ្មោះ ជឿន សុជាតិ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
    នគរបាលក្រុងបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនមុខសញ្ញាខាងលើបានគឺកម្លាំងនគរបាលល្បាតតាមគោលដៅ តំបន់ស្មុគស្មាញក៏ប្រទះឃើញមុខសញ្ញាខាងលើកំពុងតែចរាចរណ៍គ្រឿងញៀនហើយក៏ ឃាត់ និងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀន ចំនួន ២៣ កញ្ចប់ (ក្នុងនោះកញ្ចប់ធំ២ មធ្យម៤ និងតូច ១៧)

+ ជញ្ជីងអេឡិចត្រូនិក សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ១ គ្រឿង
+ ទូរស័ព្ទដៃ ចំនួន ២ គ្រឿង
+ ម៉ូតូចំនួន ១ គ្រឿង ម៉ាក CRS (សុីអរអេស) ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួ 1100464 លេខម៉ាសុីន 1100465
+ ឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។  
នគរបាលក្រុងឧដុង្គម៉ែជ័យបានបញ្ជាក់បន្ថែមថា ករណីខាងលើនេះ កម្លាំងនគរបាលជំនាញបានកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕