2024-02-22 06:02
74

ភ្នំពេញ-នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោបានព្រឹកថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាប់ ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូន E-Gets នៅសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីពេលកន្លងទៅ ។
   តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរូបនេះមានឈ្មោះ ឆាន           កក្កដា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចឆ្នេរអណ្តូងទេរ ស្ថិតនៅភូមិឬទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
   សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់ ប្លន់យកម៉ូតូ មួយគ្រឿងពីអ្នកដឹកជញ្ជួនតាមអនឡាញ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២និង៣០នាទីយប់អធ្រាត្រថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នៅចំណុចមុខផ្ទះជួល មួយកន្លែងស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
   ជាមួយនិងការឃាត់ខ្លួននេះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KG-7310 ដែល ជារបស់ជនរងគ្រោះផងដែរ។
ក្រោយពីធ្វើការបង្ហាញមុខរួចជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។