2024-03-14 01:03
46

ភ្នំពេញ ៖ តារាកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង ដែលមហាជនធ្លាប់ស្គាល់ និងផ្ទុះសំណើចតាមរយៈការសម្តែងសិល្បៈនាពេលអតីតកាលមានក្តីរំភើបរីករាយ ក្តុកក្តួលរំជួលចិត្តឥតឧបមារ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាស្បៀង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។

ក្នុងឱកាសចុះសួរសុខទុក្ខ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះ លោកយាយ ណយ សំណាង ដែលកំពុងមានជំងឺប្រចាំកាយសម្រាកនៅគេហដ្ឋាន និងសូមជូនពរមានសុខភាពល្អរឹងមាំ អាយុយឺនយូរជាម្លប់ដល់កូនចៅ។

លោកយាយ ណយ សំណាង បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងកូនចៅទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីជាក្តីសង្ឃឹមរបស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតជាដរាបតទៅ។

សូមបញ្ជាក់ថា ៖ លោកយាយ ណយ សំណាង គឺជាតារាជើងចាស់ពហុជំនាញដែលមានវ័យប្រមាណជាង ៧០ឆ្នាំហើយ កំពុងមានជីវភាពខ្វះខាតខណៈដែលលោកយាយក៏បាត់បង់វត្តមានពីអាជីពសិល្បៈអស់មួយរយៈធំ ដោយសារមានជំងឺច្រើនមុខដូចជា៖ លើសឈាម ខ្វះជាតិស្ករ ខ្សោយបេះដូង និងមានអាការៈវង្វេងម្តងៗ ជាដើម៕